សន្ដិសុខសង្គម

ត្រៀមបញ្ជូន១៦នាក់លេងល្បែងជល់មាន់ស៊ីសងខុសច្បាប់ទៅតុលាការ

​កំពង់ចាម​៖​ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបទីតាំងលេងល្បែងជល់មាន់ស៊ីសង ខុសច្បាប់ ហើយបានឃាត់ខ្លួន១៦នាក់និងវត្ថុតាងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ក្រោយទទួលបានព័ត៌មានពី​ប្រជាពលរដ្ឋរួចមក កម្លាំងជំនាញបានចុះឃាត់ខ្លួនក្រុម​អ្នកលេងល្បែងស៊ីសង​ជល់មាន់​ខុសច្បាប់​ ជាមួយ​វត្ថុតាង។ក្រុមនោះបានប្រព្រឹត្តនៅក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៦នាក់ និងដកហូតវត្ថុតាងម៉ូតូ​ជាច្រើនគ្រឿង-សង្វៀនសម្រាប់បញ្ជល់-សម្ភារពាក់ព័ន្ធនិងមាន់មួយចំនួន។ក្រោយមកជនសង្ស័យទាំង១៦នាក់ រួមវត្ថុតាងខាងលើ ត្រូវបាននគរបាលខេត្តកំពង់ចាម​កសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ