ភ្នំពេញ៖តុលាការភ្នំពេញរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះបានឃុំខ្លួនជនជាប់ចោទជាអាណិកជនម្នាក់ពីបទសម្លាប់ប្រពន្ធដោយឆក់ខ្សែភ្លើងយ៉ាងឃោរឃៅដាក់ពន្ធនាគារPJបណ្តោះអាសន្ន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈសមត្ថកិច្ចតាមចាប់បានអាណិកជនម្នាក់បានប្រើខ្សែភ្លើឆក់សម្លាប់ប្រពន្ធដោយអំពើឃោរឃៅ រួចយកសពច្រកក្នុងវ៉ាលិស រួចរត់គេចខ្លួនទៅព្រំដែនកម្ពុជា-ថៃ។
ករណីឃាតកម្មនោះបានបានកើតឡើងនៅបុរីKC ផ្ទះលេខA11 ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ កែវ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងខាងលើ។ចំណែកជនដៃដល់ជាប្តីឈ្មោះ មូលណេត អាយុ៦៣ឆ្នាំជាអាណិកជនខ្មែរ នៅប្រទេសបារាំងមានកូនស្រីម្នាក់អាយុ៥ឆ្នាំ។
ក្មេងជាកូនស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឪពុករបស់ខ្លួននៅឯប្រទេសបារាំង មិនដឹងគាត់មកស្រុកខ្មែរតាំងពីពេលណាទេ។ស្រាប់តែថ្ងៃកើតហេតុក៏ឃើញគាត់ជិះម៉ូតូមកដល់ផ្ទះហើយបានចាក់សោខាងក្នុង។ដោយឃើញដូចនេះនាងក៏លួចរត់ចេញមកក្រៅទូរសព្ទហៅម៉ាក់អ៊ំឱ្យមកជួយ។ពេលនោះជនដៃបានរត់គេចខ្លួន។
បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវតាមចាប់បានជនសង្ស័យនៅប្រទេសថៃ ហើយបញ្ជូនមកតុលាការភ្នំពេញចាត់ការតាមច្បាប់។បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យទៅពន្ធនាគារ ភ្នំពេញPJ រង់ចាំបន្តនីតិវិធី។តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ដោយ៖វិចិត្រ