សន្ដិសុខសង្គម

រថយន្តបើកកៀរម៉ូតូឱ្យដួលបណ្ដាលឲ្យប្តីប្រពន្ធរបួសធ្ងន់

ភ្នំពេញ​៖​រថយន្តទំនើបម៉ាកFord បើកយ៉ាងលឿនទៅកៀរម៉ូតូដួលបណ្តាលឱ្យ​ប្តីប្រពន្ធ​រងរបួសធ្ងន់ ហើយរថយន្តនោះបន្តទៅបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងារកង់តែម្តង។គ្រោះថ្នាក់​ចរាចរនេះបានកើតឡើងនៅម្តុំស្ថានទូតវៀតណាម​ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែកុម្ភៈ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ឌុបប្រពន្ធ​តាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តម៉ាកFord ផ្លាកលេខភ្នំពេញ2AR 6922 មកពីក្រោយក្នុងល្បឿនលឿនបានកៀរម៉ូតូដួលបណ្តាលឱ្យ​ប្តីប្រពន្ធនោះរងរបួសធ្ងន់។ចំណែករថយន្តបង្កបន្តទៅបុករបាំងថ្មចែកផ្លូវខូចខាតច្រើនកង់​ហើយក្រឡាប់ផ្ងារកង់។

បន្ទាប់មកសមត្ថកិច្ចចុះវាស់វែងយករថយន្តនិងម៉ូតូទៅទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំតំណាងភាគីចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ