អន្តរជាតិ

ប៉ាឡេស្ទីន១១នាក់បានស្លាប់ក្នុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល

ដោយ៖សហការី

មានជនជាតិប៉ាឡេស្ទីនចំនួន ១១ នាក់រួមទាំងខ្មាន់កាំភ្លើង ៤ នាក់និងជនស៊ីវិលប្រមាន ៤ នាក់ថែមទៀតត្រូវបបានសម្លាប់ដោយទាហានអ៊ីស្រាអែល និងមានអ្នករងរបួសជាង ១០០ នាក់។​

ការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះគឺក្នុងពេលវាយឆ្មក់ដោយទាហានអ៊ីស្រាអែលកាលពីថ្ងៃពុធលើទីក្រុងមួយក្នុងតំបន់ West Bank ដែលសាក្សីនិងមន្ត្រីពេទ្យអះអាងថាជាកន្លែកាន់កាប់ របស់ក្រុមសកម្មប្រយុទ្ធ។

ទាហានអ៊ីស្រាអែលបានប្រាប់ឲ្យដឹងអំពីកិច្ចប្រតិបត្តិការនៅក្នុងទីក្រុង Nablus ដោយថ្លែងថា ទាហានបានបាញ់តបតក្រោយរងការបាញ់ប្រហារពីសំណាក់ពួកសកម្មប្រយុទ្ធ ខណៈពេលដែលព្យាយាមឃាត់ខ្លួនពួកគេដែលសង្ស័យថាមានរៀបចំផែនការវាយប្រហារភ្លាមៗមួយ។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាមិនមានជនជាតិអ៊ីស្រាអែលរងរបួសក្នុងហេតុការណ៍ផ្តុះអាវុធនេះទេ។

ក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានថ្លែងថា កងទ័ពអ៊ីស្រាអែលបានចូលឡោមព័ទ្ធផ្ទះមួយ ដែលមានមេបញ្ជាការ Nablus របស់ខ្លួនពីរនាក់នៅទីនោះជាហេតុបង្កឱ្យមានការប៉ះទង្គិចគ្នាហើយធ្វើឲ្យខ្មាន់កាំភ្លើងផ្សេងទៀតបានផ្ទុះអាវុធឡើង ហើយយុវជនប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើរថពាសដែក។

យោងតាមប្រភពប៉ាឡេស្ទីនបានឲ្យដឹងថាមេបញ្ជាការក្រុមជីហាតអ៊ីស្លាមពីរនាក់រួមជាមួយខ្មាន់កាំភ្លើងម្នាក់ទៀតត្រូវបានទាហានអ៊ីស្រាអែលសម្លាប់។ ចំណែកអ្នកស្លាប់ផ្សេងទៀតរួមមានជនស៊ីវិលចំនួន៤នាក់ ដែលក្នុងនោះមានបុរសអាយុ៧២ឆ្នាំ និងក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ផងដែរ៕