សន្ដិសុខសង្គម

តុលាការខេត្តស្ទឹងត្រែងចេញដីកាបង្គាប់ ឱ្យចាប់មន្ត្រីអាវុធហត្ថ២រូប

ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង បានចេញដីកាបង្គាប់ឱ្យចាប់មន្ត្រីអាវុធហត្ថ២រូប យកដាក់ពន្ធនាគារ បន្ទាប់ពីសាលក្រមបានចូលជាស្ថាពរក្នុងសំណុំរឿងហិង្សាមួយ កាលពី៣ឆ្នាំមុន។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក យ៉ា ណារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងជា ប្រធានសាលាដំបូងខេត្តនេះ ដែលសារព័ត៌មាន Cambodia Flash News ទទួលបាន ដោយបញ្ជាក់ថា ដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទជាមន្ត្រីអាវុធហត្ថ២នាក់ ចុះថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣។

ក្នុងដីកានោះបានចោទប្រកាន់ឈ្មោះ សុខ រិទ្ធី អាយុ៤៦ឆ្នាំ អតីតមេបញ្ជាការកង រាជអាវុធហត្ថស្រុកសេសាន នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង។ឈ្មោះម៉ុង វណ្ណដា អាយុ២៧ឆ្នាំ មន្ត្រីអាវុធហត្ថខេត្ត នៅភូមិកណ្ដាល​ ក្រុង/ខេត្តស្ទឹងត្រែង។

ដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវដាក់ក្នុងពន្ធនាគារខេត្ត ស្ទឹងត្រែងក្នុងម្នាក់ៗរយៈពេល៦ឆ្នាំលើសំណុំរឿងព្រហ្មទណ្ឌ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយពិការភាព។នេះយោងតាមដីកាបញ្ជូនរបស់លោកជេត ខេមរា ព្រះរាជអាជ្ញាតុលាការខេត្តស្ទឹងត្រែង លេខ០៦/២៣ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីអាវុធហត្ថទាំង២នាក់បានប្រើអំពើ ហិង្សា លើបុរសលក់អាហារពេលយប់ម្នាក់រហូតពិការភ្នែក ដែលផ្ដើមចេញពីជម្លោះពាក្យ សម្ដី។ ក្រោយពីមិនបានបញ្ចប់រឿងនេះ សំណុំរឿងនៅតុលាការបានចូលជាស្ថាពរ ទើបតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តង។រហូតមកដល់ថ្ងៃទី២៤ ខែកុម្ភ:នេះ ជនជាប់ចោទទាំង២នាក់កំពុងរត់គេចខ្លួន៕ដោយ៖សុខុម