សន្ដិសុខសង្គម

ចាប់ស្ត្រីម្នាក់យកដាក់ពន្ធនាគារតាមសាលក្រមពីបទឆបោក

ភ្នំពេញ៖ តាមសាលក្រមតុលាការរាជធានីភ្នំពេញ បង្គាប់ឱ្យសមត្ថកិច្ចចាប់ស្ត្រីម្នាក់យកដាក់​ពន្ធនាគារមានកម្រិតទោស២ឆ្នាំ ពាក់ព័ន្ធពីបទឆបោក។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កម្លាំងនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសហការជាមួយផ្នែកជំនាញអនុវត្តដីកានគរបាលក្រសួងមហាផ្ទៃ បានចាប់ស្ត្រីម្នាក់ឈ្មោះ ហ៊ិន រចនា អាយុ៣៤ឆ្នាំ ជាមួយរថយន្តម៉ាកព្រូស១គ្រឿង នៅភូមិក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រោយចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនាំមកនាយកដ្ឋាននគរបាល​ក្រសួងមហាផ្ទៃ។រសៀលថ្ងៃទី២៣ ខែកុម្ភៈ ទើបបញ្ជូនទៅតុលាការភ្នំពេញដើម្បីបន្តនីតិវិធី។ការចាប់ខ្លួនស្ត្រី នេះ មន្ត្រីបានឱ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន​លេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់ចៅក្រមតុលាការរាជធានីភ្នំពេញ។

ស្រ្តីឈ្មោះ ហ៊ិន រចនា នៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ចោទពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ។សាលក្រមបានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវឃាត់ខ្លួន ហើយបង្ហាញមុខរយៈពេលខ្លី​នៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារព្រៃសម២៕ដោយ៖វិចិត្រ