ព័ត៌មានជាតិ

គម្រោងពង្រីកផ្លូវជាតិលេខ៧នឹងចំណាយថវិកាជាង១១៧លាន ដុល្លារអាម៉េរិក

កំពង់ចាម៖ គម្រោងពង្រីកស្ថាបនាផ្លូវជាតិលេខ៧ នឹងចាប់ផ្តើមដំណើរការសាងសង់​នៅចុងឆ្នាំ២០២៣ នេះ ដោយគ្រោងនឹងចំណាយថវិកាប្រមាណជាង ១១៧លាន ដុល្លារអាម៉េរិក គឺបច្ចុប្បន្នភាគីពាក់ព័ន្ធបាន និងកំពុងរៀបចំសិក្សាដោះស្រាយផលប៉ះពាល់ ផ្លូវមួយខ្សែនេះ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោង​ពង្រីកផ្លូវ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ដែលមានការអញ្ជើញចូលរួម​ពីគ្រប់​ភាគីពាក់ព័ន្ធនៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៤ កុម្ភៈនេះបានធ្វើបទ​បង្ហាញថា ក្រោយពីបិទបញ្ចប់ការសិក្សា ដោះស្រាយផល គឺខាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ជាអ្នកស្ថាបនា និងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន នឹងប្រើប្រាស់រយៈពេល ៤០ ខែ គឺនឹងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។

លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្តថា ការពង្រីកផ្លូវជាតិលេខ៧ ខាងលើ គឺគ្រោងនឹងចំណាយសរុបប្រមាណជាង ១១៧លាន ដុល្លារ ជាថវិកាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

គួររំលឹកថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូល​ស្ពានគីហ្សូណាក្រុងកំពង់ចាម បានធ្វើពិធីបើកការដ្ឋាន នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ គង់ហេង