សេដ្ឋកិច្ច

កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានបញ្ចប់​ការចរចា​ជុំ​ទី​៣

​ទីក្រុង​ឌុយ​បៃ​៖​ការចរចា​ជុំ​ទី​៣ និង​ជា​ជុំ​ចុងក្រោយ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ដល់ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ បានបញ្ចប់​ហើយ​។​

​ជា​លទ្ធផល ភាគី​ទាំងពីរ​សម្រេច​បានការ​ចរចា​លើ​អត្ថបទ​ជំពូក និង​ឧបសម្ព័ន្ធ​ទាំងស្រុង​នៃ​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវា របាំង​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ កិច្ច​សម្រួល​ពាណិជ្ជកម្ម វិធាន​ដើមកំណើត​ទំនិញ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស ឧបាស្រ័យ​ពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និង​ច្បាប់​និង​ស្ថាប័ន​។​

​ភាគី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​សារជាថ្មី​នូវ​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ ដែល​នឹងចូលរួម​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិ​ការ​ទូ​លំ​ទូលាយ​រវាង​ប្រទេស​ទាំងពីរ សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម ក៏ដូចជា​ជំរុញ​ការវិនិយោគ​ទ្វេភាគី និង​ការតភ្ជាប់​ខ្សែ​ច្រ​វ៉ា​ក់​ផលិត​កម្ម​ជាពិសេស​រវាង​អាស៊ាន​និង​ម​ជ្ឈឹ​ម​បូព៌ា សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិ វឌ្ឍ ​ប្រកបដោយ​បរិ​យា​ប័ន្ន ភាព​ធន់ និង​ចីរភាព​។​

​ប្រធាន​ក្រុម​ចរចា​ទាំងពីរ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ចរចា​សម្រាប់​ភាគី​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រួម​ដែលជា​លទ្ធផល​នៃ​ការចរចា​ជុំ​ចុង​ក្រោយនេះ និង​ឯកភាព​ព​ន្លឿ​ន​បញ្ចប់​ការសម្អាត​អត្ថបទ (Legal scrubbing) មុន​ឈានដល់​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង Cambodia-UAE CEPA ដ៏​មាន​សារៈសំខាន់​នេះ នាពេល​ឆាប់ៗ​ខាងមុខនេះ​៕ដោយៈសិរីមតី