សន្ដិសុខសង្គម

ផ្ទះថ្មក្រោមលើដែកមួយខ្នងស្រុតចូលក្នុងទឹកស្រះអស់ទាំងស្រុង

ភ្នំពេញ៖ផ្ទះធ្វើពីថ្មក្រោមខាងលើគ្រោងដែកមួយខ្នង បានស្រុតចូលក្នុងទឹកស្រះរណ្តៅដី ដ៏ធំដូចជាបឹងមួយអស់ទាំងស្រុង ខណៈម្ចាស់ចេញធ្វើការ រីឯកូនៗទៅរៀនអស់។

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅមាត់ស្រះរណ្តៅដីចាស់ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះពៅ ចន្ធី អាយុ៤១ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះអេង ភ័ណ្ឌ អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រ មានកូនចំនួន៣នាក់ក្នុងបន្ទុករស់នៅកន្លែងកើតហេតុ។ចំណែកផ្ទះដែលរងការបាក់ស្រុតនោះសង់ពីថ្មក្រោមខាងលើគ្រោងដែក ទំហំទទឹង៤ម៉ែត្របណ្តោយ៨,៥០ម៉ែត្រ ។

ម្ចាស់ផ្ទះបានឱ្យដឹងទៀតថា រូបគាត់បានសាងសង់ផ្ទះនេះរស់នៅជាងមួយឆ្នាំមកហើយ។មុនកើតហេតុ រូបគាត់និងប្រពន្ធបានចេញធ្វើការ។ចំណែកកូនៗបានទៅរៀនអស់ ដោយចាក់សោផ្ទះអត់មានមនុស្សនៅ។ពេលកើតហេតុអ្នកជិតខាងបានទូរសព្ទប្រាប់ថា ផ្ទះរបស់គាត់បានបាក់ស្រុតធ្លាក់ចូលក្នុងទឹកស្រះអស់ទាំងស្រុងដែលធ្វើឱ្យពួកគាត់មានការតក់ស្លុតយ៉ាងខ្លាំង។

បន្ទាប់ពីមានគ្រោះនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយរុះរើនិងជញ្ជូនសម្ភារឡើងមកលើ ហើយសុំឱ្យអាជ្ញាធរជួយពួកគាត់ផង៕ដោយ៖វិចិត្រ