សន្ដិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកបឹងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ក្រោយពីអ្នកនេសាទត្រីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកបឹង បង្កការ​ភ្ញាក់ផ្អើល​រួចមក មន្ត្រីអាជ្ញាធរបានស្រាវជ្រាវរកក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យ។ហេតុការណ៍នេះបានកើតឡើងនៅបឹងមួយ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ។

ករណីនេះមិនមានប្រភពណាបានស្គាល់និងបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។តែសពភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនមានការភ្ញាក់ផ្អើល ក្រុមអ្នកនេសាទបានចុះរកត្រី ក៏ប្រទះឃើញសពអណ្តែតទឹក ហើយបានរាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាន​ដើម្បីចុះពិនិត្យ។បន្ទាប់មកផ្នែកជំនាញនិងគ្រូពេទ្យធ្វើកោសល្យវិច័យរួចបញ្ជាក់ថា បុរសនេះស្លាប់ដោយសារលង់ទឹកព្រោះមិនមានស្លាកស្នាមអ្វីផ្សេងគួរឱ្យសង្ស័យលើករណីឃាតកម្មទេ។

សពត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ