អន្តរជាតិ

បៃដិនទៅជួបសម្ព័ន្ធមិត្តណាតូ បង្កើនមហាកម្លាំងគាំទ្រអ៊ុយក្រែន ពង្រឹងសន្តិសុខអឺរ៉ុប

ប្រធានាធិបតីអាម៉េរិកលោកចូបៃដិន បានបន្តធ្វើដំណើរទៅជួបសម្ព័ន្ធមិត្តណាតូ  បង្កើនមហាកម្លាំងគាំទ្រអ៊ុយក្រែនអស់ពីចិត្ត ពង្រឹងសន្តិសុខនៅទ្វីបអឺរ៉ុប។

បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីក្រុងគៀវអ៊ុយក្រែនកាលពីថ្ងៃចន្ទរួចហើយ លោកបៃដិន បានបន្តដំណើរទៅដល់ប៉ូឡូញបន្ថែមទៀតនៅថ្ងៃអង្គារ ដើម្បីជួបជាមួយសម្ព័ន្ធមិត្តណាតូរបស់លោក ក្នុងការប្តេជ្ញាចិត្តបង្កើនកម្លាំងរួមប្រឆាំង​នឹងរុស្ស៊ីគាំទ្រអ៊ុយក្រែន។ នៅក្នុងទីក្រុង Warsaw ប៉ូឡូញនៅឯវិមាន Royal Castle  បៃដិនបាននិយាយទៅកាន់មនុស្សរាប់ពាន់នាក់ថា “ចំណង់របស់អ្នកផ្តាច់ការមិនអាច​ត្រូវបានគេបំពេញឲ្យទេ” ។ “គេត្រូវតែប្រឆាំង។ អ្នកកាន់អំណាចផ្តាច់ការត្រូវតែយល់តែ​ពាក្យមួយម៉ាតគត់គឺ “ទេ” អ្នកនឹងមិនអាចយកប្រទេសរបស់ខ្ញុំបានទេ”។

លោក Biden បាននិយាយបន្ទាប់ពីបានជួបជាមួយសម្ព័ន្ធមិត្តណាតូ និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលជាអ្នកជំរុញសំឡេងនៃការ​គាំទ្រលោកខាងលិចកាន់តែខ្លាំងសម្រាប់ទីក្រុង Kyiv ។ លោក Duda បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Biden បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក​ក្នុងការរក្សាសន្តិសុខអឺរ៉ុប និងបានពិពណ៌នាអំពីវត្តមានរបស់លោក Biden ក្នុងទីក្រុង Kyiv ថាជា “កាយវិការមិនគួរឱ្យជឿ” ។ ថ្វីបើបែបនេះក្តី​ មតិរិះគន់នៅតែមានលេចចេញពី​មន្រ្តីក្នុងជួររដ្ឋាភិបាលអាម៉េរិក។ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី Biden កំពុងធ្វេសប្រហែសពីបញ្ហាក្នុងស្រុក គេចវេះទៅទស្សនកិច្ចអន្តរជាតិ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា