សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូត​កូរ៉េ​រំពឹងថា ពាណិជ្ជកម្ម​សេរី នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​កូរ៉េ មក​កម្ពុជា​កាន់តែច្រើន​

ភ្នំពេញ​៖ លោក ផាក ជុង វុ​ក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នឹង​ជា​ដែក​ឆក់​ទាញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​លោក​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ការយល់ឃើញ​បែបនេះ ក្នុងពេល​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​វិមាន​សន្តិភាព​។​

​តាម​ការបញ្ជាក់​របស់​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក ផាក បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា លោក​មាន​កិត្តិយស​ណាស់ ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​។ លោក ផាក បាន​សន្យា​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េខាងត្បូង ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោក ផាក បាន​បន្តថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង មានការ​រីកចម្រើន​ជា​លំដាប់ ទោះបី​ក្នុងដំណាក់កាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក្តី​។​លោក​បាន​រំលេច​ថា ផ្អែកលើ​ទំនាក់ទំណង​ដ៏​ល្អ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង បាន​កើន​ឡើងដល់ ១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២២​។ បន្ថែម​ពីលើ​នោះ កូរ៉េខាងត្បូង ជា​ប្រទេស​ឈរ​ចំណាត់ថ្នាក់​លេខ​២ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ក្តី​រំពឹងថា ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ជាដើម នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​កូរ៉េខាងត្បូង មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​

​លោក ផាក បាន​បន្ថែមថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បន្ថែម​ជំនួយ​សម្រាប់​ការអភិវឌ្ឍ (ODA) នៅ​កម្ពុជា​ច្រើនជាងគេ​។ ក្នុងនោះ ជំនួយ​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប ឆ្ពោះទៅកាន់​តំបន់​ជ្រោយចង្វារ និង​កាត់​ទន្លេមេគង្គ ឆ្ពោះទៅ​អរិយ​ក្សត្រ នឹង​ជួយ​កម្ពុជា​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េខាងត្បូង ដែល​បាន​ជួយ​កម្ពុជា​។ ទោះបី​កំពុងស្ថិត​ក្នុងការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាងណា ក៏ដោយ ក៏​កូរ៉េខាងត្បូង មិន​បិទ​ការហោះហើរ​ត្រង់​មក​កម្ពុជា​នោះឡើយ​។ សម្រាប់​សម្តេច​តេ​ជោ នេះ​ជាការ​បង្ហាញឱ្យឃើញថា ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​កូរ៉េខាងត្បូង មិន​ប្តូរ​ឥរិយាបថ​ចំពោះ​កម្ពុជា​នោះឡើយ​។​

​សម្តេច​តេ​ជោក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូងដែល​បាន​អនុញ្ញាតឱ្យ​ពលករ​កម្ពុជាធ្វើការ​នៅ​កូរ៉េទទួលបាន​ប្រាក់​ឈ្នួលនិង​ជំនាញ​ត្រឡប់មក​កម្ពុជា​វិញក៏ដូចជា​ការ​ផ្តល់ជំនួយ​សម្រាប់​សង់ស្ពាន​ឆ្លងកាត់​ទន្លេ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​ដោយៈសុភក្ត្រា