សន្ដិសុខសង្គម

ផាកពិន័យមន្រ្តីនគរបាលចរាចរណ៍ម្នាក់ជិះម៉ូតូបញ្រ្ចាសទិស

ខេត្តព្រះសីហនុ៖ ដើម្បីជាគំរូល្អសម្រាប់មន្រ្តីនគរបាលគ្រប់រូប ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យផាកពិន័យមន្រ្តីនគរបាលចរាចរណ៍ម្នាក់ករណីជិះម៉ូតូបញ្រ្ចាសទិស។

មន្ត្រីអនុវត្តបទបញ្ជាខេត្តព្រះសីហនុបានឱ្យដឹងថា បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះតៗគ្នារិះគន់មន្រ្តី​នគរបាលចរាចរណ៍មួយរូប បានបើកម៉ូតូបញ្ច្រាសទិសដៅផ្ទុយពីច្បាប់ចរាចរណ៍ជើងគោក បន្ទាប់មក​កាលពីថ្ងៃទី២០ ខែកុម្ភៈ លោកឧត្ដមសេនីយ៍ទោជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវតែចាត់វិធានការផាកពិន័យទៅលើមន្រ្តីនគរបាលចរាចរណ៍រូបនេះដែលប្រព្រឹត្តខុសនឹងច្បាប់។

​លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោកនិងសណ្តាប់ធ្នាប់ បានកោះហៅលោកអនុសេនីយ៍ឯក​ អោម​ ស៊ីថន​ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ឱ្យចូលមក​ទទួលការផាកពិន័យ​ករណីជិះម៉ូតូបញ្រ្ចាសទិសនៅគោលដៅរង្វង់មូលសីហរាជមុខបី​ នឹងត្រូវទទួលវិន័យ០០៦​ របស់អង្គភាពហើយមានការអប់រំណែនាំបន្ថែម៕ដោយ៖វិចិត្រ