អន្តរជាតិ

ជប៉ុន​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ៥,៥​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីប្រមាណ ៥,៥ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះតស៊ូរស់បន្តទៀតក្នុងពេលដែលសង្រ្គាមអូសបន្លាយជិត១ឆ្នាំ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មីនេះ​សម្រាប់​អ៊ុយក្រែនក្នុងចំនួនទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ ខណៈលោក​បាន​ថ្លែង​បែប​នេះពេលកំពុង​ថ្លែងនៅ​វេទិកា​ពិភពលោក​ក្នុង​ទីក្រុង​តូក្យូ ដែលត្រូវបានរាយការណ៍​ដោយបណ្តាញ AP។ លោក Kishida បាននិយាយថា “អ៊ុយក្រែននៅតែទទួលរងពីការ​ឈ្លានពានរបស់រុស្ស៊ី ហើយប្រជាជនត្រូវការជំនួយដើម្បីស្តារជីវភាពរស់នៅប្រចាំថ្ងៃ និងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហាររបស់រុស្ស៊ី”។ ប្រមុខរាជរដ្ឋាភិបាលជប៉ុន ដែលជាប្រធានក្រុម G7 បច្ចុប្បន្នបានបន្ថែមថា លោកនឹងរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ីនធឺណែត នៃក្រុមប្រទេសទាំងប្រាំពីរ ក្នុងថ្ងៃគម្រប់ខួបនៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនថ្ងៃទី ២៤ ខែកុម្ភៈឆាប់ៗនេះ។ ហើយប្រធានាធិបតី Volodymyr Zelenskyy ក៏នឹងចូលរួមក្នុង​ព្រឹត្តិការណ៍នេះផងដែរ។

ប្រទេសជប៉ុនបានចូលរួមជាមួយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបក្នុងការដាក់​ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួន និងផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង។ រដ្ឋាភិបាលជប៉ុនក៏កំពុង​បែងចែកប្រាក់ចំនួន ១៧០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលនឹងប្រើប្រាស់សម្រាប់​គម្រោងសង្គ្រោះបន្ទាន់ រួមទាំងការជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា