សន្ដិសុខសង្គម

ជ្រូកបង្កករកឃើញផ្ទុកជំងឺប៉េស្ដអាហ្វ្រិកជិត២តោនយកដុតកម្ទេចចោល

ភ្នំពេញ៖ ជ្រូកបង្កកទាំងមូលចំនួន៨៨ក្បាល ត្រូវផ្នែកជំនាញបានរកឃើញមានផ្ទុកជំងឺប៉េស្តអាហ្រ្វិក (ASFV) ជិត២តោនត្រូវបានយកទៅដុតកម្ទេចចោល។

មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ“ក.ប.ប.” ជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ក្រុមជំនាញខាងលើបានយកជ្រូកបង្កកជិត២តោនទៅដុតកម្ទេចចោល នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ ។

មន្ត្រីដដែលបានបន្តថា ក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កកជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ កម្លាំងជំនាញបង្ក្រាបបានជ្រូកបង្កកចំនួន៨៨ក្បាល ស្មើចំនួន១.៧៦០គីឡូក្រាមនាពេលកន្លងមក។ជាមួយនោះរកឃើញមានផ្ទុកជំងឺប៉េស្ដអាហ្រិ្វក ASFV បានយកដុតទៅកម្ទេចចោល។

ករណីដុតកម្ទេចជ្រូកបង្កកចោលនោះ គោលបំណងផ្តោតសំខាន់ទៅលើការស្វែងរកវត្តមាន សារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី។រោគរាតត្បាតផ្សេងៗ ភាពអនុលោមទៅនឹងបទប្បញ្ញត្តិ បច្ចេកទេសជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន រក្សាស្តុកទុកសាច់ស្រស់ ឬបង្កកនិងផលិតផលសាច់៕ដោយ៖វិចិត្រ