អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ ជនស៊ីវិល៦ពាន់កំពុងជាប់នៅក្រុងសមរភូមិ Bakhmut 

ដោយឡែកឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានរាយការណ៍ចុងក្រោយថា ជនស៊ីវិលប្រហែល ៦ពាន់នាក់កំពុងជាប់គាំងក្នុងទីក្រុងសមរភូមិក្តៅ Bakhmut  នៅឡើយទេ ដោយអំពាវនាវឲ្យ​មានការជម្លៀសខ្លួនបន្ទាន់។

លោកស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានរាយការណ៍បែបនេះកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រីថា ជនស៊ីវិលចំនួន៦ពាន់នាក់ បច្ចុប្បន្ននេះនៅតែកំពុងស្ថិតក្នុងទីក្រុង Bakhmut តំបន់សមរភូមិក្តៅភាគខាងកើតអ៊ុយក្រែននៅឡើយ។ ជាបឋមលោកស្រីបានជូនដំណឹងថា ជនស៊ីវិល ៥ នាក់បានស្លាប់ និង៩ នាក់បានរងរបួសនៅទីនោះ។ ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្ត​នៅក្នុងទីក្រុង។ កាំភ្លើងធំរបស់រុស្ស៊ីកំពុងបើកការវាយប្រហារលើតំបន់លំនៅដ្ឋាន។ ស្ថានភាពកំពុង​គ្រោះថ្នាក់ណាស់។

ជាការអំពាវនាវបន្ទាន់ក្នុងនាមជាជនរួមជាតិដូចគ្នា លោកស្រី Vereshchuk បាននិយាយតាមប្រព័ន្ធ​ផ្សព្វផ្សាយទៅកាន់ប្រជាជនថា “បើ​អ្នកយល់ពីស្ថានការណ៍ គោរព​ច្បាប់ និង​ជា​ពលរដ្ឋ​ស្នេហា​ជាតិ អ្នក​ត្រូវ​ជម្លៀសខ្លួន​ចេញ​ជា​បន្ទាន់”។ “ជាពិសេសកុមារដែលត្រូវបង្ខំឱ្យនៅជាមួយអ្នក”។ “សូមកុំបង្កើតបញ្ហា និងហានិភ័យបន្ថែមសម្រាប់មនុស្សទាំងអស់ដែលព្យាយាមជួយអ្នក (បូកទាំងយោធា នគរបាលជាតិ អ្នកស្ម័គ្រចិត្ត)”។

តាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន គិតត្រឹមថ្ងៃសុក្រទី ១៧ ខែកុម្ភៈនេះ ស្ថានភាពសមរភូមិនៅជួរមុខ​ប្រទេស​អ៊ុយក្រែនបានកំពុងបន្តឡើងខ្លាំងគួរឲ្យកត់សម្គាល់រវាងភាគីទាំងពីរ។ មិនមានការជឿនលឿន​ណាមួយថ្មីត្រូវបានបញ្ជាក់ភ្លាមៗនោះទេ៕

ប្រភព៖  UKRAINSKA PRAVDA

ប្រភពរូប៖ UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា