អន្តរជាតិ

ន័រវេសរឹបអូសរូបិយប័ណ្ណគ្រីបតូតម្លៃ$៥.៨ លានដុល្លារដែលកូរ៉េខាងជើងបានលួច

ដោយ៖សហការី

កាលពីថ្ងៃព្រហស្បតិ៍ប៉ូលិសន័រវេសបានធ្វើសេចក្តីថ្លែងការណ៍ថា គេបានរឹបអូសយករូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ $៥.៨ លានដុល្លារដែលត្រូវបានលួចដោយក្រុម Hacker របស់កូរ៉េខាងជើងកាលពីឆ្នាំមុន។

ក្រុម Hacker របស់កូរ៉េខាងជើងបានលួចប្រាក់ចំនួន $៦២៥ លានដុល្លារពីគម្រោង blockchain ដែលមានភ្ជាប់ជាមួយហ្គេម Crypto-based Axie Infinity នៅក្នុងខែមីនាឆ្នាំ ២០២២ ។ ការលួចនេះគឺជាការលួចដ៏ធំមួយនៅក្នុងកំណត់ត្រា ហើយត្រូវបានសហរដ្ឋអាម៉េរិកកំណត់មុខសញ្ញាថាជាក្រុមចូលលួចរបស់កូរ៉េខាងជើងដែលមានឈ្មោះថា “Lazarus”។

អគ្គរដ្ឋអាជ្ញារបស់ប្រទេសន័រវេស លោកស្រី Marianne Bender បានថ្លែងថា “នេះគឺជាប្រាក់ដែលអាចផ្តល់ដល់របបកូរ៉េខាងជើងប្រើប្រាស់សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេ” ។

កូរ៉េខាងជើងបានបដិសេធការចោទប្រកាន់លើការចូលលួច ឬការវាយប្រហារតាមអ៊ីនធឺណិតផ្សេងៗទៀត។

អង្គភាពឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាតិរបស់ប្រទេសន័រវេស ដែលត្រូវបានគេស្គាល់ថា Okokrim បាននិយាយថា គេបានរឹបអូសប្រាក់ន័រវេសចំនួន ៦០ លាន ក្រោន ស្មើរនឹង (៥.៨៤ លានដុល្លារ) គឺជា “ការរឹបអូសប្រាក់ដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសន័រវេស” ជាប់ក្នុងកំណត់ត្រាចំពោះការរឹបអូសគ្រីបតូនេះ។

Okokrim បាននិយាយថា គេបានធ្វើការជាមួយអ្នកជំនាញមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាម៉េរិកដើម្បីតាមដានការលួចគ្រីបតូ។

យោងតាមក្រុមហ៊ុនវិភាគ Blockchain Chainalysis ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានឲ្យដឹងថាកាលពីឆ្នាំមុនគឺជាកំណត់ត្រាដ៏អាក្រក់បំផុតមួយស្តីអំពីការលួចចម្លងរូបិយប័ណ្ណ ដោយពួក Hacker ដឹកនាំដោយក្រុមវាយប្រហារប្រព័ន្ធអ៊ិនធើណិតដែលគេចោទថាមានទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើងបានលួចប្រាក់អស់ចំនួន ៣.៨ ពាន់លានដុល្លារ។

Sky Mavis ដែលជាក្រុមហ៊ុននៅពីក្រោយ Axie Infinity មានមូលដ្ឋាននៅប្រទេសវៀតណាម ប៉ុន្តែស្ថាបនិករបស់ខ្លួនគឺ Aleksander Larsen គឺជាជនជាតិន័រវេស។ Larsen បានបដិសេធមិនបញ្ជាក់ទេ ប៉ុន្តែនៅក្នុងធ្វីតធឺគេបានបង្ហោះសារថ្លែងអំណរគុណចំពោះការផ្លាស់ប្តូររូបិយប័ណ្ណ Binance សម្រាប់គាំពារដល់ប៉ូលិសន័រវេសក្នុងការរឹបអូសនេះ។

“នៅពេលដែលយើងដឹងពីទម្រង់ដ៏អាក្រក់របស់់សាមីជន យើងចាត់វិធានការសមស្របដើម្បីអន្តរាគមន៍ រួមទាំងការបង្កកមូលនិធិដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យ Binance បាននិយាយថា ការប្រគល់មូលនិធិទៅឲ្យកម្មសិទ្ធិករវិញនោះគឺត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់” ។

បើយោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិដែល Reuters ទទួលបាននិយាយាថាប្រទេសកូរ៉េខាងជើងបានលួចទ្រព្យរូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំ ២០២២ ច្រើនជាងឆ្នាំនាៗ ហើយបានកំណត់គោលដៅលើបណ្តាញក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនការពារជាតិរបស់បរទេស ៕

ប្រភពៈ រ៉យទ័រ