បច្ចេកវិទ្យា

ជប៉ុនបរាជ័យបាញ់គ្រាប់រ៉ុក្កែត H3 ផ្ទុកផ្កាយរណបតាមដានកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ

ប្រទេសជប៉ុនបរាជ័យបាញ់គ្រាប់រ៉ុក្កែត H3 ផ្ទុកផ្កាយរណបពាណិជ្ជកម្ម និងសម្រាប់តាមដាន មីស៊ីលកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ដោយបញ្ហាម៉ាស៊ីន។

យោងតាមបណ្តាញសារព័ត៌មានរ៉យទ័រ ការបាញ់បង្ហោះរ៉ុក្កែត H3 ត្រូវបានគេរំពឹងធ្វើឡើង​នៅថ្ងៃសុក្រនេះនៅឯកំពង់ផែ Tanegashima ប្រទេសជប៉ុន ក៏ប៉ុន្តែក្នុងអំឡុងពេលព្រឹត្តិការណ៍​ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ម៉ាស៊ីនសំខាន់របស់ H3 ស្រាប់តែត្រូវបានកាត់ផ្តាច់មិនឆេះបន្ទាប់ពីការ​រាប់ថយក្រោយនៃការបាញ់បង្ហោះបានឈានដល់សូន្យទៅហើយនោះ។ បើតាមប្រភពដដែល គ្រាប់រ៉ុក្កែតនេះមានប្រវែង ៥៧ម៉ែត្រ ជារ៉ុក្កែតដែលមានផ្ទុកទៅជាមួយនឹងផ្កាយរណបសង្កេតដី ALOS-3 ឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ ដែលត្រូវបានរចនាឡើងដើម្បីសម្រាប់ចាប់សញ្ញាមីស៊ីលផ្លោង​របស់កូរ៉េខាងជើង។

បើតាមទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការ​បរាជ័យឲ្យបានជាក់ស្តែង។ ប្រទេសជប៉ុនបានសាងសង់ H3 នេះគឺដើម្បីទទួលបានការចូលប្រើ​យកព័ត៌មាននានាដោយឯករាជ្យផ្ទាល់ខ្លួនក្នុងទីអវកាស និងជំរុញឱកាសរបស់ខ្លួនក្នុងការចាប់យក​ចំណែកធំជាងនៃទីផ្សារសកលពីគូប្រជែងនានា រួមទាំង SpaceX របស់ Elon Musk ជាដើម។ វាក៏ត្រូវបានរចនាឡើងដើម្បីដាក់ផ្កាយរណបរដ្ឋាភិបាល និងពាណិជ្ជកម្មទៅក្នុងគន្លងតារាវិថី និងការផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅរបស់ទីក្រុងតូក្យូជាមួយសហរដ្ឋអាម៉េរិកក្នុងលំហអាកាស៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា