ព័ត៌មានជាតិ

ចុះសិក្សាពីស្ថានភាពកំណាត់ផ្លូវជាតិលេខ៧ ទៅព្រំដែនឡាវដើម្បីជួសជុលឡើងវិញ

ស្ទឹងត្រែង៖កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមជំនាញបច្ចេកទេស​ក្រុមហ៊ុនFSDI ប្រទេសចិន ចុះសិក្សាពីស្ថានភាពជាក់ស្តែងលើកំណាត់ផ្លូវជាតិលេខ៧ ពីអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដល់ច្រកព្រំដែនត្រពាំងក្រៀលព្រំប្រទល់ប្រទេសឡាវ។

កំណាត់ផ្លូវមួយខ្សែនេះបានទទួលរងការខូចនិងជួសជុលថែទាំដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងកន្លងមក។កំណត់ផ្លូវនេះមានប្រវែង ៨៤.៤៣km ហើយក្រសួងនិងក្រុមហ៊ុនចុះពិនិត្យដើម្បីស្តារនិងជួសជុលឡើងវិញ។

ក្រោយពីចុះពិនិត្យកន្លងទៅមួយថ្ងៃ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងសាធារណការនិងដឹកជញ្ជូនបានពិនិត្យពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ គិតចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ដែលមានប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ ដើម្បីជួសជុលក្រោមជំនួយឥតសំណងពី​សាធារណរដ្ឋប្រជាមានិតចិនឆាប់ៗខាងមុខនេះ។

លោកលឹម ស៊ីដេនីនបានបន្តថា មុនធ្វើការជួសជុលផ្លូវខូចក្រសួងបានដាក់ការដេញថ្លៃដើម្បី​ធ្វើការជួសជុលផ្លូវជាតិលេខ៧នេះ ។ដោយឡែកក្រុមហ៊ុនចិនដែលបានចុះមកសិក្សានាពេលនេះ​ដឹកនាំដោយលោក Li Xiangming តំណាងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd ដើម្បីពិនិត្យមើលជាក់ស្តែងពីស្ថានភាពផ្លូវជាតិលេខ០៧ជាក់ស្តែងសិនមុនពេល​ជួសជុល៕ដោយ:សុខុម