ព័ត៌មានជាតិ

ប្រធានាធិបតីអាល្លឺម៉ង់មកទស្សនាសកម្មភាពបោសសម្អាតមីននិងប្រាសាទអង្គរវត្ត

សៀមរាប៖ ប្រធានាធិបតីនៃប្រទេសអាល្លឺម៉ង់ លោក ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) និងភរិយា គឺលោកស្រីElke Budenbender បានចំណាយពេលជាច្រើនម៉ោងនៅក្នុងខេត្ត សៀមរាប ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ ទៅពិនិត្យមើលសកម្មភាពបោសសម្អាតមីន ព្រមទាំងអញ្ជើញទស្សនារមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនេះ លោក Frank-Walter Steinmeier បានអញ្ជើញទៅ ទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុល ប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ដោយមានអគ្គនាយកនិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបបានអមដំណើរផង។

ចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យអាល្លឺម៉ង់ជួយគាំទ្រចំពោះសកម្មភាពបោសសម្អាតគ្រាប់មីននៅកម្ពុជាដែរ។

ជាការឆ្លើតបក្នុងពេលបំពេញទស្សនកិច្ចជាផ្លូវការនេះ លោកប្រធានាធិបតី Frank-Walter Steinmeier មានប្រសាសន៍ថា៖ រដ្ឋាភិបាលអាល្លីម៉ង់ គាំទ្រយ៉ាងខ្លាំងលើសកម្មភាពបោសសម្អាតគ្រាប់មីននៅកម្ពុជា និងទស្សនវិស័យនៃការប្ដេជ្ញាចិត្តលើគោលនយោបាយគ្មានគ្រាប់មីននៅឆ្នាំ២០២៥នោះ។

លោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeierនឹងត្រូវចំណាយពេល៣ថ្ងៃ ដើម្បីធ្វើទស្សនកិច្ច នៅកម្ពុជា ដើម្បីជួបមន្ត្រីកំពូលៗរបស់កម្ពុជា ព្រមទាំងទៅទស្សនាគុកទួលស្លែង នៃអំពើឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍របស់របបខ្មែរក្រហមផងដែរនៅមុនពេលលោកចេញដំណើរទៅកាន់ប្រទេស ម៉ាឡេស៊ី ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះ៕