ព័ត៌មានជាតិ

ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែងសាងសង់ច្រាំងទន្លេប្រវែង២៥៦ម៉ែត្របន្ថែមទៀត

ស្ទឹងត្រែង៖ គម្រោងសាងសង់ច្រាំងទន្លេចាប់ពីស្ពានមិត្តភាពកម្ពុជាចិនសេកុងដល់ស្ពានមិត្តភាព កម្ពុជាចិន មេគង្គ ដែលមានចម្ងាយជាង៦គីឡូម៉ែត្របន្តសាងសង់បន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ គឺមានប្រវែង២៥៦ម៉ែត្រ។

កាលពីកន្លងទៅថ្មីៗនេះ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេ ដើម្បីការពារការបាក់ស្រុត ច្រាំងទន្លេដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងត្រែង ។

លោក ស្វាយ សំអ៊ាង បានលើកឡើងនៅពេលចុះពិនិត្យមើលការដ្ឋានសាងសង់ច្រាំងទប់ទន្លេនោះថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ឲ្យប្រជាពលរដ្ឋទាំងមូលក្នុងខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបានបន្ថែមថា៖ ការសង់សំណង់នេះរួចនឹងលើកកម្ពស់សោភ័ណភាព ក្នុងក្រុង ស្ទឹងត្រែង ក៏ដូចជាការរួមចំណែកបង្ការនិងការពារការបាក់ស្រុតច្រាំងទន្លេកើតឡើងជាយថាហេតុ។មិនតែប៉ុណ្ណោះក៏អាចធ្វើឲ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តស្ទឹងត្រែងផង ដែរ។

លោកអភិបាលខេត្ត បានបន្តថា៖ គម្រោងសាងសង់ច្រាំងទន្លេចម្ងាយជាង៦ គីឡូម៉ែត្របានសាងសង់ ជាដំណាក់កាលច្រើនឆ្នាំមកហើយ ហើយឆ្នាំ២០២៣យើងសាងសង់បន្ថែមទៀតប្រវែង ២៥៦ម៉ែត្រ នៅក្រោមស្ពានមិត្តភាពកម្ពុជាចិនសេកុង៕

ដោយ៖សុខុម