សន្ដិសុខសង្គម

រថយន្តធំបុកម៉ូតូនិងកិនមនុស្ស បែកក្បាលស្លាប់ក្នុងថ្លុកឈាម

កណ្តាល៖ម៉ូតូបើកគេចពីរថយន្តដឹកខ្សាច់ច្រើនគ្រឿងចតចិញ្ចើមផ្លូវមុខដេប៉ូខ្សាច់មួយ ត្រូវរថយន្តធំមកពីមុខបុកម៉ូតូនោះ រួចកិនបុរសម្នាក់ឱ្យបែកក្បាលស្លាប់ភ្លាមក្នុងថ្លុកឈាម។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ២១អា ត្រង់មុខដេប៉ូខ្សាច់ ឡាំឆូយ-ឌីប៉ូលីក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលរថយន្តកិនស្លាប់ឈ្មោះប្រាក់ រ៉ានុត អាយុ១៩ឆ្នាំ អ្នកបិទស្កុតម៉ូតូ នៅភូមិសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូស្កុបពីផ្លាកលេខ 1IR.5757 ទៅទិញស្កុតយកមកបិទម៉ូតូឱ្យម៉ូយ។មកដល់មុខដេប៉ូខ្សាច់ខាងលើ មានរថយន្តដឹកខ្សាច់២គ្រឿងឈប់នៅចិញ្ចើមផ្លូវ។

ជនរងគ្រោះគេចពីរថយន្តដឹកខ្សាច់នោះក៏ត្រូវរថយន្តធំផ្លាកលេខតាកែវ 3A.2993 មកពីមុខបុក ហើយកិនជនរងគ្រោះបែកក្បាលស្លាប់ក្នុងថ្លុកឈាមតែម្តង។ក្រោយបង្កហេតុតៃកុងបានបន្ថែម ល្បឿនបើកចូលក្នុងភូមិផ្លូវវាលស្រែរហូតដល់អស់ផ្លូវក៏ចុះរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ