សេដ្ឋកិច្ច

កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន ១៩៤​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជានិង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម(IFAD)បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រសម្រាប់​កម្មវិធី​គាំទ្រ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade -ASPIRE-AT) ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ១៩៤​លាន​ដុល្លារ​អាមេរិក​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​នេះ បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​របស់ IFAD នាទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី រវាង​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ទេសាភិបាល​ជំនួស​របស់​កម្ពុជា​ប្រចាំ IFAD និង​លោក Alvaro Lario ប្រធាន IFAD​។​

កម្មវិធី​នេះ មាន​គោលបំណង​ជួយ​កសាង​សមត្ថភាព​កសិករ​ខ្នាតតូច​ក្រីក្រ​ប្រហែល ១០០,០០០​នាក់ និង​គ្រួសារ​គ្មាន​ដី ឬ​គ្រួសារ​ក្រីក្រ​ប្រហែល ២៥,០០០​គ្រួសារ ដែលមាន​សក្តានុពល​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ទាំងពី​ទីផ្សារ​នាំចេញ និង​ទាំងពី​ទីផ្សារ​ក្នុងស្រុក សម្រាប់​កសិផល​, ផលិតផល​កសិកម្ម និង​បសុសត្វ​។​

​ថវិកា​កម្មវិធី​នេះ​នឹង​ផ្តល់ជូន​តាមរយៈ​សមាគម​អ្នក​ផលិត (Producer Organisations) និង សហគ្រាស​កសិកម្ម​ខ្នាតតូច​និង​មធ្យម​ហើយ​មាន​វិសាលភាព​គ្របដណ្តប់​ទូទាំងប្រទេស ដែល​នឹង​នាំមក​នូវ​អភិក្រម​ផ្អែកលើ​ទីផ្សារ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដោយ​ផ្តោតលើ​ភាពជា​ដៃគូ​អាជីវកម្ម​,​លទ្ធភាព​ក្នុងការ​ទទួលបាន​ឥណទាន និង​ទីផ្សារ ព្រមទាំង​ការកសាង​សមត្ថភាព​សម្រាប់​អ្នកទទួលផល ដើម្បី​ធ្វើឱ្យ​ពួកគេ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​។​

​កម្មវិធី​គាំទ្រ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម (ASPIRE-AT) គឺជា​គម្រោង​ដ៏​មាន​មហិច្ឆតា​មួយ ដែលជា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​ខ្នាតតូច និង​ដើម្បី​ធានាថា​ពួកគេ​កាន់​តែមាន​ប្រសិទ្ធភាព​, ផលិតភាព​, និរន្តរភាព​បរិស្ថាន និង​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​មានការ​ផ្សារភ្ជាប់​កាន់តែ​ប្រសើរ ឡើង​ទៅនឹង​ទីផ្សារ និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំនួន ៦​មុខ​រួមមាន​៖ បន្លែ​, មាន់​, ដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, ផ្លែឈើ​ស្រស់ និង​ផ្លែឈើ​ដែល​បាន​កែច្នៃ​រួច​។​

​គួរបញ្ជាក់​ថា​ដែរ កម្មវិធី​គាំទ្រ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម (ASPIRE-AT) គឺជា​គម្រោង​ទី​១១ នៅក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ដែល​ផ្តល់​ដោយ IFAD​។ គិត​ត្រឹម​ដើមឆ្នាំ​២០២៣​នេះ IFAD បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​កម្ពុជា​សរុប​ចំនួន​ប្រមាណ ៣០៤​លាន​ដុល្លារ​អាម​រិ​ក ហើយ​បាននិងកំពុង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​, សន្តិសុខ​ស្បៀង​, ការកាត់បន្ថយ​ភាព ក្រីក្រ​, ការបង្កើន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ពិសេស​ការបណ្តុះបណ្តាល និង​ការផ្សព្វផ្សាយ​ដល់​កសិករ អំពី​ការប្រើ ប្រាស់​បច្ចេកវិទ្យា​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន និង​ការចូល​ទៅកាន់​ទីផ្សារ​៕​ដោយៈសិរីមតី