សន្ដិសុខសង្គម

ក្រោយបាត់ខ្លួនបីថ្ងៃក្រុមគ្រួសារបានប្រទះឃើញសពអណ្តែតលើផ្ទៃសមុទ្រ

កែប៖ក្រោយបាត់ខ្លួនជាច្រើនថ្ងៃ ក្រុមសាច់ញាតិបានប្រទះឃើញសពសមាជិកគ្រួសារអណ្តែតលើផ្ទៃសមុទ្រកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងស្ថានភាពហើម និងរលួយជាបណ្តើរៗ។

លោកវរសេនីយ៍ឯក នូ សាម៉េត អធិកានគរបាលក្រុងកែបបានប្រាប់ឱ្យដឹងថា សពបុរសរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះកាក់ អឿន  អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ លោកអធិការបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភ: សមត្ថកិច្ចបានទទួលព័ត៌មានពីក្រុមគ្រួសារអំពីការប្រទះឃើញសពសមាជិករបស់ខ្លួនអណ្តែតទឹកសមុទ្រក្នុងភូមិសាស្ត្រខេត្តកំពតត្រង់ចំណុចខាងត្បូងឆៀងខាងលិចភ្នំដូងចំងាយប្រហែល២គីឡូម៉ែត្រស្ថិតនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ។

ជាមួយដំណឹងនេះ មន្ត្រីជំនាញបច្ចេកទេស សហការជាមួយកម្លាំងវរសេនាតូចលេខ៤៣០ នគរបាលការពារព្រំដែនទឹកប្រចាំខេត្តកែប រួមទាំងក្រុមគ្រូពេទ្យកោសល្យវិច្ច័យបានចុះដល់គោលដៅភ្លាមៗ។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ក្រោយស្រង់ និងនាំមកដល់ដីគោកដែលសពស្ថិតក្នុងដ្ថានភាពហើម និងចាប់ផ្តើមផុយរលួយនោះ មន្ត្រីជំនាញបានធ្វើកោសលវិច័យ ហើយឈានទៅសន្និដ្ឋានបានថាការស្លាប់របស់បុសរងគ្រោះបណ្តាលមកពីខ្យល់គរ រួចដួលធ្លាក់ពីទូកលង់ទឹកស្លាប់ដោយមិនមានអ្នកណាបានឃើញ។ ហេតុការណ៍នោះអាចកើតឡើងចន្លោះម៉ោង៦ទៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ពេលជនរងគ្រោះទៅនេសាទតែម្នាក់ឯង៕