សេដ្ឋកិច្ច

កម្ពុជា​ស្នើសុំ​ចូល​ជា​សមាជិក​របស់​ស្ថាប័ន​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​ចិន​

​ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​, សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ CIPS(Cross-Border Interbank Payment System)​ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​របស់​ចិន​។​ជាការ​ឆ្លើយតប​លោក​ប្រធានាធិបតី​ចិន បានបង្ហាញ​ភាព​វិជ្ជមាន ដោយ​ស្វា​គម​នូវ​សំណើ​នេះ និង​ជំរុញ​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ និង​សិក្សា​អំពី​កិច្ចសហប្រតិបត្តិការ​នេះ​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ។​

​ឯកឧត្តម សុខ ចិន្តា​សោភា បានឱ្យដឹងថា​ការចូល​ជា​សមាជិក​អង្គការ CIPS មាន​សារសំខាន់​ខ្លាំងណាស់ ដែល​នឹង​បង្កលក្ខណៈ​ងាយ ស្រួល ក្នុងការ​ទូទាត់​ឆ្លងដែន ដែលជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគិន ការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម និង​ទេសចរ​ចិន​ផងដែរ​។​

​សូមជម្រាបថា ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ឆ្លង​ព្រំដែន ឬ​ហៅ​កាត់​ថា CIPS ត្រូវបាន​ប្រទេស​ចិន ដាក់​ដំណើរការ​ជា​ផ្លូវការ កាលពី​ឆ្នាំ​២០១៥ ក្រោម​គោលដៅ​ចម្បង ដើម្បី​សម្របសម្រួល​ការទូទាត់​ប្រាក់​យ័ន​ឆ្លង​ព្រំដែន ក៏ដូចជា​ដើម្បី​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ចិន នៅលើ​ឆាក​អន្តរជាតិ​៕ដោយៈសិរីមតី​