អន្តរជាតិ

សេចក្តីរាយការណ៍ចុងក្រោយអ្នកស្លាប់រញ្ជួយដីនៅតួកគី និងស៊ីរីកើនដល់ជាង២៩០០០នាក់

សេចក្តីរាយការណ៍ចុងក្រោយអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនដល់ជាង ២៩.០០០នាក់ ខណៈអង្គការសហប្រជាជាតិប៉ាន់ស្មានថាអាចនឹងមានកើនឡើងទ្វេដងទៀត។

យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីដោយគ្រោះរញ្ជួយដី​កាលពីថ្ងៃចន្ទសប្តាហ៍មុន មកទល់នឹងថ្ងៃចន្ទនេះបានកើនឡើងដល់ ២៤.៦១៧ នាក់ហើយ ខណៈដែលជាង ៤.៥០០នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី។ យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១.៤០៨ នាក់ត្រូវបានសម្លាប់ និង ២.៣៤១ នាក់បានរងរបួសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង។

គួរឲ្យភ័យខ្លាចជាងនេះ ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា លោករំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងទ្វេដង បន្ទាប់ពីលោកបានចុះទៅដល់​ភាគខាងត្បូងប្រទេសតួកគីផ្ទាល់កាលពីថ្ងៃសៅរ៍ ដើម្បីវាយតម្លៃការខូចខាត។ បុគ្គលិកសង្គ្រោះរាប់ម៉ឺន​នាក់កំពុងធ្វើការសង្រ្គោះតាមសង្កាត់ដែលរងគ្រោះ ខណៈអាកាសធាតុត្រជាក់បានធ្វើឱ្យមានការ​លំបាកខ្លាំងដល់មនុស្សរាប់លាននាក់ត្រូវការជំនួយ។ អ្នកកាសែតអាល់ចាហ្សេរ៉ាថា “ខ្យល់​មាន​ផ្សែង និង​ធូលី​ក្រាស់ៗ។ មិនមានអនាម័យទេ។ មនុស្សនៅតែត្រូវបានគេកប់នៅក្រោមគំនរបាក់បែក ហើយកំពុងដេកនៅទីវាល… មានតង់ខ្លះ នៅ Antakya… ”។ អង្គការសហប្រជាជាតិបានព្រមានថា យ៉ាងហោចណាស់មនុស្ស ៨៧០.០០០ ត្រូវការអាហារជាបន្ទាន់នៅទូទាំងប្រទេសតួកគី និងស៊ីរី។ ហើយនៅក្នុងប្រទេសស៊ីរី មនុស្សរហូតដល់ ៥,៣ លាននាក់អាចនឹងត្រូវបាត់បង់ផ្ទះសំបែង។

សូមរំលឹកថា គ្រោះរញ្ជួយដី៧.៨រិចឆ្ទ័របានកើតឡើងកាលពីថ្ងៃចន្ទទី ៦ ខែកុម្ភៈ ត្រូវនឹងថ្ងៃចន្ទសប្តាហ៍មុន។ វាបានកើតឡើងនៅតំបន់ភាគខាងត្បូងតួកគីជាប់នឹងព្រំដែនស៊ីរី ជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរយឆ្នាំ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា