អន្តរជាតិ

រុស្ស៊ីវាយប្រហារលើប្រភពថាមពលអ៊ុយក្រែន ដាច់ភ្លើងទូទាំងប្រទេស

រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងកាលពីថ្ងៃសុក្រមកលើប្រភពថាមពលរបស់អ៊ុយក្រែនទូទាំងប្រទេស បណ្តាលឲ្យដាច់ភ្លើងនៅទូទាំងប្រទេស។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាំជ្រួចរុស្ស៊ី​ចំនួន ៦១ ក្នុងចំណោម ៧១ គ្រាប់ត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ ប៉ុន្តែរដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ លោក Galushchenko បាននិយាយថា រុស្ស៊ីនៅតែបានវាយប្រហាររោងចក្រថាមពលនៅក្នុងតំបន់ចំនួន​ប្រាំមួយ ជាមួយនឹងកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យដាច់ភ្លើងនៅទូទាំង​ភាគច្រើន​នៃអ៊ុយក្រែនរួចទៅហើយ។  សេចក្តីរាយការណ៍លម្អិតកាលពីថ្ងៃសុក្រ អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា កាំជ្រួចរបស់រុស្ស៊ីចំនួន ១០ គ្រាប់ត្រូវបានបាញ់ទម្លាក់ធ្លាក់ពីលើ​រដ្ឋធានីអ៊ុយក្រែន ហើយស៊ីរ៉ែនក៏បានបន្លឺឡើងក្នុងអំឡុងពេលម៉ោងប្រញាប់ប្រញាល់ពេលព្រឹក ហើយជនស៊ីវិលបានរត់ចូលលេណដ្ឋាន។ នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal បាន​ឲ្យដឹងដែរថា អ៊ុយក្រែនបានបាត់បង់​ថាមពល​នុយក្លេអ៊ែរ ៤៤ ភាគរយ និង​សមត្ថភាព​ថាមពល​កម្ដៅ ៧៥ ភាគ   រយ។ របាយការណ៍ស្លាប់ និងរបួសមិនត្រូវបានរាយការណ៍ឡើយ។ អ្នកនាំពាក្យរង​ក្រសួង​ការបរទេសអាម៉េរិក លោក Vedant Patel បានហៅការវាយប្រហារថាជាការកំណត់គោលដៅ​ដោយចេតនារបស់រុស្ស៊ី។

ប្រទេសរុស្ស៊ីបានវាយប្រហារម្តងហើយម្តងទៀតនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅឆ្ងាយពីជួរមុខ ដែលបណ្តាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានថាមពលកម្ដៅ និងទឹកអស់ជាច្រើនថ្ងៃ​ក្នុងពេលតែមួយនៅពាក់កណ្តាលរដូវរងា។ ការវាយប្រហារកាលពីថ្ងៃសុក្របានកើតឡើង​នៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ចប់ដំណើរ​ទស្សនកិច្ចរបស់លោកនៅអឺរ៉ុប ជាកន្លែងដែលគាត់ត្រូវបានទទួលដោយសាទរ ប៉ុន្តែមិនបាន​ធានាសន្យាជាសាធារណៈអំពីយន្តហោះចម្បាំងដែលគាត់កំពុងស្នើសុំនោះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា