អន្តរជាតិ

អ៊ុយក្រែនទទួលបានពាក្យសុំចុះចាញ់ពី​ទាហានរុស្ស៊ីរាប់ពាន់នាក់នៅខែមករា

ភ្នាក់ងារសម្របសម្រួលកណ្តាលអ៊ុយក្រែនបានជូនដំណឹងថា រដ្ឋាភិបាលអ៊ុយក្រែនបានទទួលពាក្យ​សុំចុះចាញ់ និងចុះចូលពីទាហានរុស្ស៊ីតាមគេហទំព័ររាប់ពាន់ច្បាប់កើនឡើងយ៉ាងខ្លាំង​នៅខែមករា​ដើមឆ្នាំនេះ។

យោងតាមទីស្នាក់ការកណ្តាលសម្របសម្រួលអ៊ុយក្រែនសម្រាប់ការព្យាបាលអ្នកទោសសង្គ្រាមបានឲ្យដឹងថា នៅក្នុងខែមករាដើមឆ្នាំនេះ អ្នកប្រើប្រាស់ប្រមាណ ៥,៦ លាននាក់បានចូលមកមើលគេហទំព័រ​របស់​អ៊ុយក្រែនសម្រាប់ការចុះចាញ់ ឬហៅថា “I Want to Live” ដែលរចនាឡើងសម្រាប់ឲ្យទាហាន​រុស្ស៊ីណាដែលចង់ចុះចាញ់មិនចង់ប្រយុទ្ធ។ ទិន្នន័យសរុបរាប់គិតតាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ បានបង្ហាញថា ពាក្យសុំចុះចាញ់បានកើនឡើង ៥០ភាគរយ មាន៧.៦០០ ពាក្យសរុបពីជនជាតិរុស្ស៊ី និងអ្នកស្រុកនៃដែនដីដែលកាន់កាប់បណ្តោះអាសន្ននៃអ៊ុយក្រែន។ នៅក្នុងចំណោមអ្នកចូលមើល និងស្នើពាក្យ ត្រូវបានដឹងថាមានមកពីទឹកដីប្រទេសរុស្ស៊ីផ្ទាល់ រួមមានមកពីទីក្រុង Moscow, St Petersburg, Krasnodar, Rostov and Nizhny Novgorod  ខណៈជាច្រើនទៀតមានមកពីខេត្ត Donetsk និងតំបន់Crimea ។

យោងតាមលោក Andrii Yusov ជាអ្នកតំណាងនៃទីស្នាក់ការសម្របសម្រួលភ្នាក់ងារនេះបានឲ្យដឹង​បន្ថែម​ទៀតថា ជារៀងរាល់ថ្ងៃ អ៊ុយក្រែនទទួលបានការហៅទូរសព្ទចំនួន ៥០-១០០ ដង និងសំណើ​សម្រាប់កម្មវិធីផ្ញើសារ chatbot, Telegram និង WhatsApp ពីជនជាតិរុស្ស៊ីដែលសុំចុះចាញ់៕

ប្រភព៖Ukrainska pravda

ប្រភពរូប៖Ukrainska pravda
ប្រែសម្រួល៖សុខ តុលា