អន្តរជាតិ

វ្ល៉ាឌឹមៀរពូទីន ជឿជាក់ថាខ្លួនច្បាស់ជាឈ្នះសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បាននិយាយថា លោកមានការជឿជាក់ខ្លាំងណាស់ជុំវិញ​ជ័យជម្នះលើសង្រ្គាមនៅអ៊ុយក្រែន។

លោកពូទីនមានប្រសាសន៍យ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសុន្ទរកថារំលឹកខួប៨០ឆ្នាំក្នុងជ័យជម្នះសមរភូមិណាស៊ីអាល្លឺម៉ង់។ ពូទីនបានប្រៀបធៀបការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចសព្វថ្ងៃនេះ ទៅនឹងជ័យជម្នះរបស់ខ្លួនជាមួយនឹងណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ ដោយ​និយាយ​ថា រុស្ស៊ី​ប្រាកដ​ជា​ទទួល​បាន​ជ័យ​ជម្នះយ៉ាងពិតប្រាកដ​នៅ​អ៊ុយក្រែន ដូច​កាល​ពី ៨០ ឆ្នាំ​មុន​។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​បាន​ប្រឈម​មុខ​នឹង​ប្រទេស​អាល្លឺម៉ង់​ជា​ថ្មី​ម្តង​ទៀតហើយ ពិសេស​បន្ទាប់ពីអាល្លឺម៉ង់បានសម្រេចចិត្តផ្គើនបញ្ជូនរថក្រោះធុនធ្ងន់ខ្លារខិនទៅអ៊ុយក្រែន។

លោក​បាន​រិះគន់​ការ​សម្រេច​ចិត្តនេះ ថាជាការចាក់សាំងក្នុងភ្លើងបន្ថែមទៀត ធ្វើឲ្យសង្រ្គាមរីកសាយធំ​កាន់តែខ្លាំងមិនងាយនឹងបញ្ចប់បាន។ យោងតាមការជូនដំណឹងពីអ្នកឃ្លាំមើលសង្រ្គាមអន្តរជាតិ ISW ស្ថានភាពសមរភូមិនៅភាគខាងកើតប្រទេសអ៊ុយក្រែននៅតែកំពុងប្រយុទ្ធតតាំងគ្នាឥតឈប់។ អ៊ុយក្រែនថា រុស្ស៊ីសម្រុកវាយរុលនៅភាគខាងជើង និងកើតនៃ Bakhmut ដោយបានបញ្ជូន​យុទ្ធោបករណ៍ និងទាហានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យកងទ័ពអ៊ុយក្រែន​មិនមានពេលសម្រាក និងបន្តទប់ទល់យ៉ាងលំបាក៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា