អន្តរជាតិ

រុស្ស៊ីខ្លាចមីស៊ីលរយៈចម្ងាយឆ្ងាយលោកខាងលិចធ្លាក់ក្នុងទឹកដីខ្លួន

រុស្ស៊ីប្តេជ្ញារុញច្រានកងកម្លាំងអ៊ុយក្រែនឲ្យទៅឆ្ងាយពីព្រំដែន ខណៈមានការព្រួយបារម្ភថាមីស៊ីល​រយៈចម្ងាយ​ឆ្ងាយផ្គត់ផ្គង់ដោយលោកខាងលិចអាចនឹងត្រូវបានប្រើធ្លាក់ចូលក្នុងដីរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា វាចាំបាច់ណាស់ដែលត្រូវ “រុញ” កងទ័ពអ៊ុយក្រែនឲ្យចេញឆ្ងាយ ដើម្បីកុំឱ្យសព្វាវុធ ឬមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់​ដោយ​លោកខាងលិចទៅដល់ទឹកដីរុស្ស៊ី។ យោងតាមបទសម្ភាសន៍របស់ Lavrov ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Lavrov បន្តថា៖ “ប្រសិនបើយើងអាចផ្លាស់ទីកាំភ្លើងធំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទៅឆ្ងាយ​បែបនេះ [វា]នឹងមិនបង្កការគំរាមកំហែងដល់ទឹកដីរបស់យើងឥឡូវនេះទេ។ យើង​ត្រូវ​ជំរុញ​ពួកគេ​ឲ្យ​ត្រឡប់​ចេញពី​ទឹកដី​ដែល​ជា​ប្រទេស​របស់​យើង​”។

ក្នុងពេលជាមួយគ្នានេះលោក Lavrov ​ក៏បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរថាជាមេដឹកនាំដែលគ្មានការឯករាជ្យ ហាក់ដូចជាត្រូវបានរៀបចំដោយលោកខាងលិច។ Lavrov​ បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីអ៊ុយក្រែនថាខ្លួនមិនចង់ចរចាបញ្ចប់សង្រ្គាម។ ឃ្លាវាយប្រហារចុងក្រោយរបស់ Lavrov​ បាននិយាយទៅកាន់អង្គការណាតូថា “អស់សំណើចណាស់” ណាតូជាភាគីលូកដៃប្រឆាំងរុស្ស៊ី ជាអ្នកដែលតែងតែនិយាយថាមិនចង់ប្រយុទ្ធ ប៉ុន្តែបន្តសម្រុកជួយ​អាវុធដល់អ៊ុយក្រែន៕

ប្រភព៖Ukrainska pravda

ប្រភពរូប៖Ukrainska pravda
ប្រែសម្រួល៖សុខ តុលា