អន្តរជាតិ

ព្រះឆាយ៉ាល័ក្ខមហាក្សត្រអង់គ្លេសនឹងលែងមានលើក្រដាសប្រាក់អូស្ត្រាលី

ដោយ៖សហការី

ដើម្បីឆ្លុះបញ្ចាំងនូវការគោរពដល់ប្រវត្តិសាស្រ្តនៃវប្បធម៌ជនជាតិដើមរបស់ខ្លួន ក្នុងថ្ងៃព្រហស្បតិ៍នេះធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីបានប្រាប់ថាអូស្ត្រាលីនឹងធ្វើការរចនារូបថ្មីជំនួសឆាយ៉ាល័ក្ខម្ចាស់ក្សត្រី Elizabeth II នៅលើក្រដាសប្រាក់ ៥ ដុល្លាររបស់ខ្លួន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយធានាគារកណ្តាលអូស្ត្រាលីបាននិយាយថាការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលសហព័ន្ធដែលបានគាំទ្ររឿងនេះហើយផ្នែកម្ខាងទៀតនៃក្រដាសប្រាក់នៅបន្តរក្សាររូបភាពសភាអូស្ត្រាលីដដែល។

ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth កាលពីឆ្នាំមុន បានបន្តឲ្យមានការជជែកដេញដោលនៅក្នុងប្រទេសអូស្ត្រាលីអំពីអនាគតរបស់រាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ អ្នកបោះឆ្នោតមានចំនួនតិចតួចដែលចង់រក្សាព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋនៅក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ ១៩៩៩ ។

ការសម្រេចចិត្តនេះកើតឡើងនៅចំពេលដែលរដ្ឋាភិបាលឆ្វេងនិយមរបស់អូស្ត្រាលីជំរុញឱ្យធ្វើប្រជាមតិដែលតម្រូវឲ្យធ្វើវិសោធណកម្មរដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិដើមនិងទាមទារឱ្យមានការពិគ្រោះយោបល់ជាមួយពួកជនជាតិដើមលើសេចក្តីសម្រេចណាដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។

បន្ទាប់ពីព្រះមហាក្សត្រិយានីបានសោយទិវង្គត់អាជ្ញាធរអូស្ត្រាលីបាននិយាយថាឆាយ៉ាល័ក្ខរបស់ស្តេច Charles III នឹងមិនយកមកជំនួសឆាយ៉ាល័ក្ខព្រះមហាក្សត្រិយានីដោយស្វ័យប្រវត្តិលើក្រដាសប្រាក់ ៥ ដុល្លារអូស្ត្រាលីនោះទេ ហើយថាឆាយ៉ាល័ក្ខមហាក្សត្រិយានីអាចត្រូវបានជំនួសដោយតួលេខវិញ។

ពួកគេបាននិយាយនៅពេលនោះថា ការសម្រេចចិត្តដាក់បញ្ចូលឆាយ៉ាល័ក្ខមហាក្សត្រិយានីនៅលើក្រដាសប្រាក់ ៥ ដុល្លារអូស្ត្រាលីគឺសំដៅលើបុគ្គលិកលក្ខណៈរបស់ព្រះមហាក្សត្រិយានីមិនសំដៅលើឋានៈដែលជាព្រះមហាក្សត្រនោះទេ។

បន្ទាប់ពីការសោយទិវង្គត់របស់ព្រះមហាក្សត្រិយានីក្នុងខែកញ្ញា មានអ្នកសាធារណរដ្ឋដ៏យូរលង់មួយរូបគឺ លោក នាយករដ្ឋមន្ត្រី Anthony Albanese ធ្លាប់បាននិយាយថាវាមិនមែនជាពេលដែលត្រូវជជែកពិភាក្សាអំពីតួនាទីរបបរាជាធិបតេយ្យនៅក្នុងប្រទេសអូស្ត្រាលីនោះទេ។

មេដឹកនាំគណបក្សសេរីនិយម លោក Peter Dutton ដែលជាគណបក្សប្រឆាំងដ៏ធំ បាននិយាយថា ការសម្រេចចិត្តរបស់ធនាគារកណ្តាលនេះគឺមានហេតុផលនយោបាយ។

លោកបាននិយាយនៅឯស្ថានីយវិទ្យុក្នុងស្រុកមួយដែលមានកំលាំងផ្សាយចេញកំរិត 2GB ថា៖ “ មិនមានកាចោទសួរថា រដ្ឋាភិបាលជាអ្នកដឹកនាំយន្តការនេះនោះទេ ហើយខាងធនាគារបម្រុងបានថ្លែងថា ខ្លួននឹងប្រឹក្សាយោបល់ជាមួយក្រុមជនជាតិដើមភាគតិចលើរចនាបទថ្មីរបស់ក្រដាសប្រាក់ A$5 ដែលត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរចនាវាឡើងវិញ និងបោះពុម្ពក្រដាសប្រាក់ថ្មី រហូតមកទល់នឹងពេលនោះ ក្រដាសប្រាក់បច្ចុប្បន្ននឹងបន្តប្រើប្រាស់ដដែល។

សមាជិកសភាមកពីគណបក្ស Green Party Lidia Thorpe ដែលមានដើមកំណើតជាជនជាតិដើមភាគតិច បានសរសេរបង្ហោះនៅលើបណ្តាញ Twitter ថា “នេះគឺជាជ័យជម្នះដ៏ធំដំបូងបង្អស់សម្រាប់ប្រជាជនដែលជាជនជាតិដើម ដែលបានប្រយុទ្ធរំដោះប្រទេសពីនឹមអាណានិគម”។

កាលពីឆ្នាំ ២០២១ អូស្ត្រាលីបានធ្វើវិសោធនកម្មជាផ្លូវការនូវភ្លេងជាតិរបស់ខ្លួនដើម្បីដកចេញនូវពាក្យដែលសំដៅទៅលើប្រទេសនេះថានៅ “ក្មេងខ្ចី និងលំហសេរី” ក្នុងខណៈដែលមានការអំពាវនាវឱ្យទទួលស្គាល់ជនជាតិដើមរបស់ខ្លួនគឺជាអ្នកតំណាងឲ្យអរិយធម៌ដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោក។

ក្រដាសប្រាក់ A$5 គឺជាក្រដាសប្រាក់អូស្ត្រាលីតែមួយគត់ដែលមានព្រះឆាយ៉ាល័ក្ខម្ចាស់ក្សត្រី។ ឆាយ៉ាល័ក្ខព្រះមហាក្សត្រអង់គ្លេស ត្រូវបានកំណត់ឱ្យបោះលើកាក់អូស្ត្រាលី ហើយកាក់ថ្មីនឹងមានរូបព្រះមហាក្សត្រឆាលស៍។

ស្តេច Charles គឺជាប្រមុខរដ្ឋនិមិត្តរូបសម្រាប់ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងអាណាចក្រ Commonwealth ១២ ផ្សេងទៀតក្រៅពីចក្រភពអង់គ្លេស ទោះបីជាតួនាទីនេះភាគច្រើនជាពិធីការក៏ដោយ៕

ប្រភព រ៉យទ័រ