អន្តរជាតិ

ប្រេស៊ីលត្រៀមពន្លិចនាវាចម្បាំងចំណាស់អាយុកាល៦ទសវត្សរ៍ចូលសមុទ្រ

ប្រទេសប្រេស៊ីលមានគម្រោងនឹងពន្លិចចោលនាវាចម្បាំងដ៏ចំណាស់អាយុកាលប្រហែល៦ទសវត្សរ៍ របស់ខ្លួនចូលក្នុងសមុទ្រ ខណៈអាចនឹងបំពានលើលក្ខខណ្ឌនៃសន្ធិសញ្ញាបរិស្ថានអន្តរជាតិ។

កងទ័ពជើងទឹក និងក្រសួងការពារជាតិរបស់ប្រទេសប្រេស៊ីល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងដែលមានអាយុកាល ៦ ទសវត្សរ៍ ឈ្មោះ Sao Paulo នឹងត្រូវបាត់ខ្លួនចេញពីភាគីកំពង់ផែដែលមិនស្វាគមន៍វាជារៀងរហូត។ សេចក្តីថ្លែងការណ៍បន្តទៀតថា “ដោយមើលឃើញពីស្ថានភាព និងហានិភ័យកើនឡើងនៃភាព​កាន់តែយ៉ាប់យ៉ឺននៃសម្បក និងភាពជៀសមិនរួចនៃការលិចជាយថាហេតុ និងមិនអាចគ្រប់គ្រង​បាននោះ វាគ្មានជម្រើសអ្វីក្រៅពីការពន្លិចចោលដែលត្រូវបានកំណត់ទុកនោះទេ”។

ឆ្លើយតបមិនចាំយូរ ក្រុមអ្នកបរិស្ថានបានវាយប្រហាររិះគន់ការសម្រេចចិត្តនេះថានឹងបំផ្លាញដល់បរិស្ថាន ខណៈនាវាផ្ទុកយន្តហោះមានផ្ទុកសារធាតុអាបេស្តូស លោហធាតុធ្ងន់ និងសារធាតុពុលជាច្រើនតោន ដែលអាចជ្រាបចូលទៅក្នុងទឹក និងបំពុលខ្សែចង្វាក់អាហារសមុទ្រ។ នាយកនៃបណ្តាញសកម្មភាព Basel (BAN) លោក Jim Puckett បានចោទប្រកាន់កងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលថា “មានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ” ។ លោកថា “ប្រសិនបើពួកគេបន្តបោះចោលកប៉ាល់ដែលមាន​ជាតិពុលខ្លាំងចូលទៅក្នុងរហោឋាននៃមហាសមុទ្រអាត្លង់ទិក ពួកគេនឹងបំពានលើលក្ខខណ្ឌ​នៃសន្ធិសញ្ញាបរិស្ថានអន្តរជាតិចំនួនបី”។ ជាមួយគ្នានេះដែរ ក្រុមបរិស្ថានបារាំង Robin des Bois បានហៅកប៉ាល់នោះថាជា “កញ្ចប់ជាតិពុល ៣០០០០ តោន”៕

ប្រភព៖AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា