សន្ដិសុខសង្គម

បុរសម្នាក់ប្រើចម្ពាមកៅស៊ូបាញ់ចំ ក្បាលតន្ត្រីករឱ្យរងរបួស

ស្ទឹងត្រែង៖ក្នុងពិធីប្រគំតន្រ្តីស្រាបៀរគ្រុឌនៅទីរួមខេត្តស្ទឹងត្រែង ជនសង្ស័យបានប្រើចម្ពាមកៅស៊ូ​លបបាញ់ចំក្បាលផ្នែកសៀតផ្កាខាងឆ្វេងតន្ត្រីករម្នាក់បណ្តាលឱ្យរងរបួស។ករណីដ៏កម្របង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅទីរួមខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ។

លោកឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា មុនកើតហេតុ បុរសម្នាក់កំពុងឈរប្រគំតន្ត្រីជូនអ្នកទស្សនាក្នុងកម្មវិធីដ៏សប្បាយរីករាយរបស់ក្រុមហ៊ុនស្រាបៀរគ្រុឌត្រូវជនសង្ស័យបានប្រើចម្ពាមកៅស៊ូលបបាញ់ចំសៀតផ្កាខាងឆ្វេងតន្ត្រីកររូបនោះបណ្តាលឱ្យរងរបួស។

ក្រោយកើតហេតុ កម្លាំងនគរបាលនិងប្រជាការពារបានតាមចាប់ជនបង្កដែលចូលទៅអុកឡុកក្នុងក្រុម​មនុស្សយ៉ាងកកកុញនោះ។ភា្លមៗសមត្ថកិច្ចបានឃាត់ខ្លួនជាច្រើននាក់និងដកហូតកាំភ្លើងខ្លីពីមនុស្ស​ចំនួន៤នាក់និងបន្តតាមរកអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានបាញ់អ្នកប្រគំតន្ត្រី។

លោកអធិការនគរបាលក្រុងបានបន្តថា ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវចាប់បាន​ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីខាងលើ។ប៉ុន្តែបុរសរូបនោះគឺជាមនុស្សសរសៃប្រាសាទ ដោយគេប្រើចម្ពាមកៅស៊ូបាញ់ទៅលើតន្ត្រីករ។ចំណែកមនុស្សផ្សេងទៀតដែលឃាត់ខ្លួនមិនពាក់ព័ន្ធ ករណីបាញ់អ្នកប្រគំតន្ត្រីនោះទេ៕ដោយ:សុខុម