អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន៖ ត្រូវ​ការ​នាំ​ចូល​អគ្គិសនី​រហូត​ដល់​ទៅ ២ពាន់លានវ៉ាត់ពីសហភាពអឺរ៉ុប

នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានថ្លែងសំណើទៅកាន់សហភាពអឺរ៉ុបថា អ៊ុយក្រែនត្រូវការនាំចូលអគ្គិសនី​រហូត​ទៅដល់២ពាន់លានវ៉ាត់ម៉ោងដើម្បីផ្គត់ផ្គង់ប្រទេសបន្ថែមទៀត ក្នុងគ្រាប្រទេសវឹកវរដោយសារ​សង្រ្គាម។

លោក Denys Shmyhal ដែលជានាយករដ្ឋមន្ត្រីអ៊ុយក្រែនបានថ្លែងសំណើនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងកិច្ចប្រជុំរួមគ្នារបស់រដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបនៅទីក្រុង Kyiv។ លោកបានថ្លែងសំណើអគ្គិសនីប្រមាណ២ពាន់លានវ៉ាត់ម៉ោងដាក់ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ចំពេលដែលវិស័យថាមពលរបស់ខ្លួនកំពុងជួបប្រទះហានិភ័យខ្លាំងដោយសារការវាយប្រហាររបស់រុស្ស៊ីក្នុងសង្រ្គាម។ ដោយសម្រង់សម្ដីដោយកាសែតអ៊ុយក្រែនប្រាវដា Shmyhal ថា “ទាក់ទងនឹងបញ្ហា​ថាមពល យើងសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងលើការស្ដារឡើងវិញ និងការផ្លាស់ប្តូរ​វិស័យថាមពលរបស់អ៊ុយក្រែន”។

“ថ្ងៃនេះ យើងកំពុងនិយាយអំពីតម្រូវការពង្រីកលទ្ធភាពនៃការនាំចូលអគ្គិសនីទៅកាន់អ៊ុយក្រែនដល់ទៅ ២ជីហ្គាវ៉ាត់ ដែលស្មើនឹង២ពាន់លានវ៉ាត់ ដើម្បីគាំទ្រគម្រោងលើវិមជ្ឈការនៃប្រព័ន្ធថាមពលរបស់​យើង”។ ក្រៅពីអគ្គិសនី Shmyhal ក៏បានលើកឡើងពីគម្រោងពង្រីកសមត្ថភាពបណ្តាញឧស្ម័នរវាង​អ៊ុយក្រែន​និងសហភាពអឺរ៉ុបដែរ ដោយនឹងសម្របសម្រួលបញ្ហាសន្តិសុខ ការផ្គត់ផ្គង់ឧស្ម័ន ចូលរួមក្នុងការទិញឧស្ម័នរួមគ្នា និងពង្រឹងការងារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងបៃតងអឺរ៉ុប៕

ប្រភព៖Ukrainska pravda

ប្រភពរូប៖Ukrainska pravda
ប្រែសម្រួល៖សុខ តុលា