សេដ្ឋកិច្ច

ខែមករា CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០​មាន​ទុនជាង៩៩​លាន​ដុល្លារ​

​ភ្នំពេញ​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅខែមករា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០ មាន​ទុនវិនិយោគ​ចំនួន​៩៩,៤​លាន​ដុល្លារ​អាមេរិក បង្កើត​ការ​ការជូន​ប្រជាពលរដ្ឋ​ចំនួន​១៧១២៩​កន្លែង​។​

​ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ខែមករា​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​កន្លងទៅ មានការ​ថយចុះ​ខណៈ​ខែមករា​ឆ្នាំ​២០២២ CDC អនុម័ត​គម្រោង​វិនិយោគ រហូតដល់​ទៅ ២៤​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​ជាង ២២៧៧​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ចំនួន ១៩៩០៥​កន្លែង​។​

​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា គម្រោង​វិនិយោគ​ចំនួន​១០​នៅក្នុង​ខែមករា​ឆ្នាំ​២០២៣​នេះ រួមមាន​៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​ចល័ត អំពូល​ភ្លើង​សូ​ឡា បរិក្ខារ​អគ្គិសនី នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ស្វាយរៀង ខេត្តកណ្តាល​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០២២​កន្លងទៅ CDC​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៦២ មាន​ទុនវិនិយោគ​ជាង ៣៩២៧លាន​ដុល្លារ ដោយ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង ១៤១ ១៩៩​កន្លែង​៕​ដោយៈសិរីមតី