សន្ដិសុខសង្គម

ក្រុមចម្រុះបង្ក្រាបបទល្មើសនេសាទរឹបអូសឧបករណ៍ខុសច្បាប់យកដុតកម្ទេចចោល

បាត់ដំបង៖សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើសនេសាទនិងរឹបអូសឧបករណ៍ ខុសច្បាប់ជាច្រើន ហើយកាប់កម្ទេចនិងដុតបំផ្លាញចោល។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា កម្លាំងចម្រុះមាននគរបាលខេត្ត-នគរបាលស្រុក-យោធាស្រុកឯកភ្នំ-សហការជាមួយកម្លាំងឈរជើងទិសទន្លេសាប។កាលពីថ្ងៃទី២ ខែកុម្ភៈបានចុះបង្រ្កាបបទល្មើសនេសាទនិងរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន។

កម្លាំងចម្រុះបានចុះបង្រ្កាបបទល្មើសនេសាទនៅម្តុំអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ២បាត់ដំបង ក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយជនល្មើសដាក់របាងបិទព្រែក ក្នុងតំបន់អភិរក្សពូជត្រី។

សមត្ថកិច្ចបានរឹបអូស-សាច់មងប្រវែង១៥០ម៉ែត្រ-ឡុកចាប់ត្រី១ -បង្គោល៥៥ដើម។បន្ទាប់មកបានចុះបង្រ្កាបនៅតំបន់អភិរក្សពូជត្រី អូរតេជះ ដាក់របាំងបិទព្រែកថ្វាង អតីតឡូត៍នេសាទលេខ៤ ក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ។ក្នុងនោះរឹបអូសសាច់មងប្រវែង២០០ម៉ែត្រ -ឡុកចាប់ត្រី២-បង្គោល៩០ដើម-សាច់ដៃចាប់ត្រី២។

ចំណែកជនល្មើសបានរត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចចុះទៅដល់។បន្ទាប់ពីរឹបអូស វត្ថុតាងដែលបង្ក្រាបសមត្ថកិច្ចបានកាប់កម្ទេចនិងដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយ៖វិចិត្រ