សេដ្ឋកិច្ច

កម្ពុជា ចិន ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជំរុញ​រំហូរ​ទេសចរ​ឱ្យបាន​១​លាន​នាក់​នៅ​ឆ្នាំនេះ​

ភ្នំពេញ​៖ កម្ពុជា និង​ចិន កំពុង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ចំនួន​ទេសចរ​ចិន​មក​កម្ពុជា​ឱ្យបាន​១​លាន​នាក់​នៅ​ឆ្នាំ​២០២៣​នេះ​។​

​កិច្ច​ពិភាក្សាបាន​ត្រូវធ្វើឡើង​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក Du TianQiao នាយក​ប្រតិបត្តិ​សមាគម​សហប្រតិបត្តិការ​ធុរកិច្ច និង​សេដ្ឋកិច្ច​តំបន់ និង​ពាណិជ្ជកម្ម​អន្តរ​ជាតិចិន នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដើម្បី​សហការ​លើ​ការត្រៀម​រៀបចំ​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍ វប្បធម៌ និង​កីឡា​ដូចជា ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង វាយ​កូន​ហ្គោល ជាពិសេស​ការសម្តែង​ក្បាច់គុណ​សៅ​លិញ​របស់​សាកលវិទ្យាល័យ​សៅ​លិញ រួមជាមួយ​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ប្រទេស​ទាំងពីរ ក៏បាន​យល់ស្រប បង្កើត វេទិកា​ធុរកិច្ច​និង​វិនិយោគ​ទេសចរណ៍​កម្ពុជា​-​ចិន​និង​រៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​កម្ពុជា​-​ចិន ដែល មាន​តារា​ល្បីៗ​របស់​ចិន និង​កម្ពុជា​ចូលរួម ដែល​អាច​ទាក់ទាញ​ទេសចរ​ចិន​មក​ទស្សនា​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ស្នើ​ឲ្យ​សមាគម​នេះ​រៀបចំ​គំរោង​ច្បាស់លាស់​និង​ផែនការ​លម្អិត​ដើម្បី​អាច​ឲ្យ​ភាគី​ក្រសួងទេសចរណ៍​កម្ពុជា​ពិនិត្យ និង​ឲ្យ​យោបល់ ព្រមទាំង​បង្កើត​ក្រុមការងារ​ក្នុងការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ទាំងនេះ ៕​ដោយៈផាវី