សន្ដិសុខសង្គម

ឧទ្ធរណ៍តម្កល់ទោសជនជាប់ចោទដាក់គុក ១៨ខែដដែលករណីប្រើហិង្សា

ភ្នំពេញ៖តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី២ ខែកុម្ភៈនេះ បានតម្កល់ទោសជនជាប់ចោទដាក់ពន្ធនាគារ​១៨ខែដដែល ករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបើកផ្លូវប្ដឹងសាទុក្ខ​តាមកំណត់ច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ថាច់ ថង ភេទប្រុស អាយុ៥១ឆ្នាំ។មុនពេលចាប់ខ្លួន​នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវតុលាការខេត្តកណ្តាល​បានផ្តន្ទាទោស១៨ខែ​កំបាំងមុខ។តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៧២ ដកបចខ/២២ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ របស់តុលាការខេត្តកណ្ដាល ដើម្បីយកជនជាប់ចោទមកអនុវត្តទោសក្នុងពន្ធនាគារ។

ដីកាបង្គាប់ឱ្យចាប់ខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ថាច់ ថង ត្រូវបានផ្ដន្ទាទោសកំណត់ឱ្យជាប់​ពន្ធនាគាររយៈពេល១ឆ្នាំនិង៦ខែ ពីបទហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិអន្លង់ស្លែង  ឃុំសំបូរមាស ស្រុកមុខកំពួល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ ។

ក្រោយចាប់ឃុំខ្លួនតាមអំណាចសាលក្រម ជនជាប់ចោទបានប្ដឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបាន​សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកណ្ដាលទុកជាបានដដែល៕ដោយ៖វិចិត្រ