អន្តរជាតិ

អង្គការសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឲ្យអ៊ុយក្រែនស៊ើបអង្កេតទាហានខ្លួនឯងជុំវិញការប្រើមីនបង្កប់នៅ Izium

អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវដល់រដ្ឋាភិបាលថ្នាក់លើអ៊ុយក្រែន ឲ្យស៊ើបអង្កេតកងកម្លាំងរបស់ខ្លួនជុំវិញការប្រើប្រាស់គ្រាប់មីនបង្កប់នៅទីក្រុង Izium។

សិទ្ធិមនុស្សអន្តរជាតិដែលហៅថា Human Rights Watch បាននិយាយថា គ្រាប់មីនស្លាបមេអំបៅ​ដែលបានប្រើប្រាស់បង្កប់ក្នុងទីក្រុងIzium ភាគខាងកើតប្រទេសអ៊ុយក្រែន បានប៉ះពាល់ដល់​អាយុជីវិតជនស៊ីវិល បំពានដល់ច្បាប់អន្តរជាតិយ៉ាងខ្លាំង មិនអាចលើកលែងបាន ខណៈដែលប្រភពនៃអ្នកដាក់ ត្រូវបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមករវាងទាហានអ៊ុយក្រែនផ្ទាល់ និងទាហានរុស្ស៊ី។ អង្គការមិនមែនជារដ្ឋាភិបាលអន្តរជាតិនេះបានចេញសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃចន្ទថា ខ្លួនបានកត់ត្រាករណីជាច្រើនដែលគ្រាប់មីនប្រឆាំងមនុស្ស PFM ឬហៅថា “មីនមេអំបៅ” ឬ “មីនផ្កា” ត្រូវបានប្រើទៅក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី ក្បែរកន្លែង​យោធារុស្ស៊ីទីក្រុងIzium។

ក៏ប៉ុន្តែមិនទាន់សំដៅលើភាគីណាមួយទេ ដោយអំពាវនាវឲ្យមានការស៊ើបអង្កេត។ លោក Steve Goose នាយកផ្នែកសព្វាវុធនៅអង្គការ Human Rights Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអ៊ុយក្រែនហាក់ដូចជាបានដាក់គ្រាប់មីនរាយប៉ាយនៅជុំវិញតំបន់ Izium ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបង្កហានិភ័យជាបន្តបន្ទាប់”។ “អ៊ុយក្រែនជារដ្ឋភាគីនៃ​សន្ធិសញ្ញាហាមឃាត់មីនឆ្នាំ ១៩៩៧ ហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”។  ខណៈដែល “កងកម្លាំងរុស្ស៊ីបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សម្តងហើយម្តងទៀត និងប្រព្រឹត្តអំពើឃោរឃៅ​នៅទូទាំងប្រទេស”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា