អន្តរជាតិ

សមាជិកសភាអ៊ុយក្រែនអំពាវនាវអាម៉េរិកឲ្យចាត់ការចិន និងឥណ្ឌារឿងទិញថាមពលរុស្ស៊ី

សមាជិកសភាអ៊ុយក្រែនបានអំពាវនាវសុំចំណាត់ការពីមហាអំណាចអាម៉េរិក ដាក់ទៅលើប្រទេសចិន និងឥណ្ឌា ជុំវិញការបន្តទិញប្រភពថាមពលពីជនឈ្លានពានរុស្ស៊ី។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ាស៊ីនតោននៅដើមខែកុម្ភៈនេះ លោក Oleksandr Merezhko ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ក្នុង​សភា​អ៊ុយក្រែន បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម​ដោយផ្ទាល់ទៅលើប្រទេសចិន និងឥណ្ឌា ធ្វើយ៉ាងណាដើម្បីរារាំងប្រទេសទាំងពីរនេះពីការជួយដល់​សេដ្ឋកិច្ចដោយនាំចូលនូវប្រភពថាមពលពីរុស្ស៊ី។ សម្រង់សម្ដី Merezhko “ខ្ញុំបានព្យាយាមពន្យល់ថា នេះមិនទាន់គ្រប់គ្រាន់ទេ។ ចិនមិនខ្លាចអ៊ុយក្រែនទេ។ ចិន​ខ្លាច​ទណ្ឌកម្ម​របស់​អាម៉េរិក”។ លោកបានបន្តទៀតថា “សហរដ្ឋអាម៉េរិកអាច និងគួរតែរារាំងចិនពីការជួយរុស្ស៊ី ហើយដាក់ទណ្ឌកម្ម​បន្ថែមទៀតដើម្បីបញ្ឈប់ចិនពីការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ចរុស្ស៊ី និងក្បាលម៉ាស៊ីនយោធារុស្ស៊ី ដោយការទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ី”។

យោងតាមភ្នាក់ងារ BLOOMBERG ការនាំចូលប្រេងពីរុស្ស៊ីក្នុងខែវិច្ឆិកា បានកើនឡើង ១៧ភាគរយ​ស្មើនឹង ៧,៨១លានតោនធៀបនឹងឆ្នាំមុន ដែលជាចំនួនសរុបខ្ពស់បំផុតចាប់តាំងពីខែសីហា ដោយវ៉ាដាច់ដៃគូប្រកួតប្រជែងអារ៉ាប៊ីសាអូឌីត ក្លាយជាអ្នកផ្គត់ផ្គង់កំពូលរបស់ចិន៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា