អន្តរជាតិ

ប៉ូលិស៖ ស្លាប់៣នាក់ របួស២០នាក់ដោយ​ កាំជ្រួចរុស្ស៊ីក្នុងទីក្រុងKramatorsk ភាគខាងកើតអ៊ុយក្រែន

អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍មកថា មនុស្ស៣នាក់បានស្លាប់ និង២០នាក់បានរងរបួស ដោយសារការវាយប្រហារដោយកាំជ្រួចរុស្ស៊ីក្នុងទីក្រុងភាគខាងកើតKramatorsk ។

បើតាមសេចក្តីរាយការណ៍ចេញពីអាជ្ញាធរខាងអ៊ុយក្រែន ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង៩ និង៤៥នាទីយប់ម៉ោងក្នុងស្រុក ថ្ងៃពុធទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងទីក្រុង Kramatorsk ដែលជាទីក្រុងស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ប៉ូលិសបាននិយាយថា រុស្ស៊ីបានវាយប្រហារដោយបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ ជាប្រភេទកាំជ្រួចយុទ្ធសាស្ត្រ Iskander-K ដែលលទ្ធផលអគារផ្ទះល្វែងចំនួនប្រាំបីត្រូវបានខូចខាត ខណៈមួយក្នុងចំណោមនោះត្រូវបានបំផ្លាញ​ទាំងស្រុង និងបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ ២០នាក់រងរបួសសង្រ្គោះចេញពីគំនរបាក់បែក។

ក្រោយហេតុការណ៍នេះ លោកប្រធានាធិបតី Volodymyr Zelenskiy បានសំដែងការក្រោធយ៉ាងខ្លាំង និងបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “នេះមិនមែនជាការផ្សាយឡើងវិញពីអតីតកាល​នោះទេ វាគឺជាការពិតប្រចាំថ្ងៃនៃប្រទេសរបស់យើងជាប្រទេសដែលមានអំពើអាក្រក់ទាំងស្រុង​ឆ្លងព្រំដែន”។ នៅក្នុងសារដាច់ដោយឡែកមួយទៀត Zelenskiy បានសរសេរថា “មធ្យោបាយតែមួយគត់ដើម្បីផ្តាច់ឫសគល់អំពើភេរវកម្មរបស់រុស្ស៊ីនោះ គឺត្រូវតែវាយបកដោយប្រើរថក្រោះ យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ”។

គួររំលឹកថាកា ល​ពី​ខែ​មេសា អ៊ុយក្រែន​ក៏ធ្លាប់បាន​រាយការណ៍ថា មនុស្ស ៥៧​នាក់​បាន​ស្លាប់​ដោយ​កាំជ្រួច​រុស្ស៊ី​បាន​បាញ់​ចំ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង Kramatorsk នេះដែរ ហើយពេលនោះទីក្រុង​មូស្គូ​បាន​បដិសេធយ៉ាងដាច់អហង្ការថាមិនមែនជាមីស៊ីលខ្លួនទេ តែគឺជាមីស៊ីលអ៊ុយក្រែន៕

ប្រភព៖REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា