អន្តរជាតិ

កូរ៉េខាងជើងថាមិនចង់សន្ទនាអ្វីទាំងអស់ សមយុទ្ធរួមអាម៉េរិកជំរុញដល់បន្ទាត់ក្រហមខ្លំាងហើយ

កូរ៉េខាងជើងបញ្ជាក់ជាចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថាមិនចង់សន្ទនាអ្វីទាំងអស់   ខណៈដែល​សមយុទ្ធរួមគ្នា​រវាងអាម៉េរិក និងកូរ៉េខាងត្បូងកំពុងឈានដល់បន្ទាត់ក្រហមខ្លាំងនៅលើឧបទ្វីបកូរ៉េ។

នេះយោងតាមសេចក្តីថ្លែងការណ៍ដោយមន្រ្តីនៃក្រសួងការបរទេសកូរ៉េខាងជើង ដែលបានចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី២ ខែកុម្ភៈ ត្រូវជាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍និយាយថា ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់បានឈានដល់បន្ទាត់ក្រហមខ្លាំងហើយ ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធាដែលមិនចេះគិត និងបង្កហេតុរបស់សហរដ្ឋអាម៉េរិកនិងកងកម្លាំងដ៏មានឥទ្ធិពលរបស់ខ្លួន” ។ អ្នកនាំពាក្យបានបន្តថា “កូរ៉េខាងជើងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះការប៉ុនប៉ងយោធាណាមួយរបស់សហរដ្ឋអាម៉េរិកលើគោលការណ៍ “នុយក្លេអ៊ែរបង្រ្កាបនុយក្លេអ៊ែរ ការប្រឈមមុខទល់នឹងការប្រឈមមុខ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តបង្ហាញសាច់ដុំទ្រព្យសម្បត្តិ យុទ្ធសាស្ត្រទៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ជុំវិញទៀត កូរ៉េខាងជើងនឹងបង្ហាញឱ្យកាន់តែច្បាស់នូវ​សកម្មភាព​រារាំងរបស់ខ្លួន ដោយមិនមានការខកខានឡើយ”។

ការព្រមានពីទីក្រុងព្យុងយ៉ាងបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ហើយបានសន្យាថានឹងបង្កើនការដាក់ពង្រាយ​ធនធានយោធាទំនើបរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់ឧបទ្វីបកូរ៉េ រួមទាំងយន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះ ពង្រឹងការហ្វឹកហ្វឺន និងផែនការប្រតិបត្តិការរួមគ្នាជាមួយកូរ៉េខាងត្បូង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា