សេដ្ឋកិច្ច

ការបង្កើត​អាជីវកម្ម​ថ្មីៗ​នៅ​កម្ពុជា​កើន​ដល់​ជាង​១​ម៉ឺន​ នៅឆ្នាំ២០២២

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ ដល់​ក្រុមហ៊ុន​ថ្មី​ចំនួន​១០.៧០១ ក្នុង​ឆ្នាំ​២០២២ កើនឡើង​៣៩​ភាគរយ ពី​ចំនួន​៧.៦៧៧ ក្នុង​ឆ្នាំ​២០២១​។​

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​៖ ក្រុមហ៊ុន​ថ្មីៗ​ទាំងនេះ ជា​កម្មសិទ្ធិ​របស់​អ្នកក្នុងស្រុក និង​ជនបរទេស​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និង​វៀតណាម ។​

​លោក​បាន​វាយតម្លៃថា កំណើន​នៃ​ក្រុមហ៊ុន​ថ្មីៗ​ទាំងនេះត្រូវបាន​ជំរុញ​មកពី​ការគ្រប់គ្រងប្រកបដោយ​ជោគជ័យ​នៃ​ជំងឺ​កូ​វីដ​-១៩ដែល​បាន​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា អាច​បើក​សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងអស់និង​បើក​ព្រំដែន​ឡើងវិញចាប់តាំងពី​ខែវិច្ឆិកាឆ្នាំ​២០២១​៕ដោយៈសិរីមតី