សន្ដិសុខសង្គម

នឹងនាំជនសង្ស័យពាក់ព័ន្ធករណីឆក់កាបូបនិងថេបប្លេតទៅតុលាការ

ភ្នំពេញ​៖​កម្លាំងនគរបាលខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១ ខែកុម្ភៈ បានចុះស្រាវជ្រាវចាប់ជនសង្ស័យម្នាក់​ករណីឆក់កាបូបនិងថេបប្លេត ហើយត្រៀមបញ្ជូនទៅតុលាការ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ធីម សុខឡេង អាយុ២០ឆ្នាំ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ធ្វើជាងមាស។ជនសង្ស័យបានឆក់កាបូបនិងថេបប្លេតម៉ាកសាំស៊ុង​នៅតាមផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ជនរងគ្រោះឈ្មោះខៀវ ធីតា ភេទស្រី នៅភូមិសង្កាត់ខាងលើ ជាបុគ្គលិកក្រុមហ៊ុន។

វត្ថុតាងដកហូតម៉ូតូម៉ាកហុងដា ផ្លាកលេខភ្នំពេញ1IO-9442 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព កាបូបម៉ាកLV -ប័ណ្ណក្រីក្រ-ថេបប្លេតមួយគ្រឿងជារបស់ជនរងគ្រោះ។ជនសង្ស័យខាងលើ​ត្រូវនគរបាលខណ្ឌជ្រោយចង្វាកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ