សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​លើកលែង ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ក្នុង​វិស័យ​ទេសចរណ៍ លើកលែងតែ​VAT

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​លើកលែង ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម (VAT) ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​ខេត្តសៀមរាប សម្រាប់​រយៈពេល​៣​ខែ ។​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា អំពី​វិធាន​ការបន្ថែម សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​ផ្សាយ​ចុងខែ​មករា ឆ្នាំ​២០២៣​នេះ​។​

​ការសម្រេច​បន្ត​លើកលែង សម្រាប់​រយៈពេល​៣​ខែ គឺ​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣ ដោយហេតុថា ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច នៅ​បន្ត​ទទួលរង​នូវ​ហានិភ័យ និង​ភាពមិនប្រាកដប្រជា​ខ្ពស់​ពី​ការប្រែប្រួល​និន្នាការ​តំបន់ និង​សកល​។​

​ជាក់ស្ដែង សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​មា​នស​សន្ទុះងើបឡើង​វិញ លើ​ស្ទើរ​គ្រប់​វិស័យ ទាំង​ក្នុង​វិស័យ​កាត់ដេរ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​វិស័យ​សេវាកម្ម​។​ជាមួយគ្នានេះ សកម្មភាព​អាជីវកម្ម​ក្នុង​គោលដៅ​ទេសចរណ៍​ជាច្រើន​រួមទាំង​រាជធានី​ភ្នំពេញ ខេត្ត​ក្នុង​តំបន់ឆ្នេរ និង​ខេត្ត​មួយចំនួនទៀត មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​ការកើនឡើង​យ៉ាងគំហុក នៃ​ភ្ញៀវទេសចរ​ជាតិ ធុរជន និង​វិនិយោគិន​។​

ទោះជា​យ៉ាងនេះ​ក្ដី កំណើន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​នឹង​នៅ​បន្ត​មាន​ភាពយឺតយ៉ាវ​ក្នុង​រយៈពេល​ខ្លី​ទៅ​មធ្យម​ខាងមុខ ដោយសារ​ភាពមិនប្រាកដ​ប្រជា​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល ដែល​បន្ត​ចោទ​ជា​សម្ពាធ ដល់​វិស័យ​ទេសចរណ៍​ក្នុង​គោលដៅ​មួយចំនួន ដែល​តែងតែ​អាស្រ័យ​លើ​ភ្ញៀវទេសចរ​អន្តរជាតិ ។​ក្នុង​បរិការណ៍​នេះ ដោយ​ពិនិត្យ​លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទាំង​ក្នុង​ក្របខណ្ឌ​សកលលោក​តំបន់ និង​ក្នុងប្រទេស រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​ក្នុង​កាលៈទេសៈ ប្រកបដោយ​ភាពមិនប្រាកដប្រជា​នេះ​៕ដោយៈផាវី