សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖រាជរដ្ឋាភិបាល​នឹង​អន្តរាគមន៍​ជួយ​ដល់​វិស័យ​សំណង់ មិនអាចឱ្យវិស័យនេះដួលរលំបានទេ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​នឹង​អន្តរាគមន៍​ជួយ​ដល់​វិស័យ​សំណង់ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​វិស័យនេះ​កុំឱ្យ​ធ្លាក់​ចូលក្នុង​ភាពគ្រោះថ្នាក់ ឬ​ដួលរលំ ខណៈ​វិស័យនេះ​បាន​ចូលរួមចំណែក​១០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)កម្ពុជាប្រហែល​នឹង​វិស័យ​កាត់ដេរនិង​ទេសចរ​ណ៍​។ នេះ​បើ​យោងតាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ការចេញ​អន្តរាគមន៍​ជួយ​ដល់​វិស័យ​សំណង់​នេះ ដោយសារ​វិស័យ​សំណង់​ជួបប្រទះ​បញ្ហា​និង​បញ្ហា​កង្វះ​ឥណទាន​សម្រាប់​វិស័យនេះ ស្រប​ពេលដែល​អត្រា​ការប្រាក់​កំពុង​កើនឡើង​។​

លោក​វ​ង្សី វិស្សុត បានបញ្ជាក់​បន្ថែមថា​៖«​បញ្ហា​អចលនទ្រព្យ និង​សំណង់​អាច​នឹងមាន​បញ្ហា​កង្វះ​ឥណទាន ជា​ជម្រើស​យើង​មិន​អាចឱ្យ​វិស័យនេះ​ដួល​បានទេ ព្រោះ​ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ​ធំ​ណាស់ សំណង់​មាន​ចំណែក​ក្នុងGDP ១០%សព្វថ្ងៃ វិស័យ​កាត់ដេរ​ចូលរួម​ចំណែក​​១០% ទេសចរណ៍​ប្រហែល​១០% ស្រូវ​៧% វិស័យ​កម្មន្តសាល​ក៏ ១០%​ដែរ​»​។​

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​សាងសង់ ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ប្រមាណ ២០%​ប៉ុណ្ណោះ ដែលមាន​ធនធាន​អាច​រស់នៅ​ដោយ​ខ្លួនឯងបាន ក្រៅពីនេះ គឺ​ពឹង​លើ​ប្រព័ន្ធ​ធនាគារ និង​លំហូរ​ទុន​មកពី​អ្នកទិញ​អចលនទ្រព្យ ដែល​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​។​

​លោក​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន​បីគឺ​និយ័ត​ករ​អចលនទ្រព្យ ធនាគារជាតិ​នៃ​កម្ពុជានិង​អគ្គនាយក​ពន្ធដារ នឹង​ពិភាក្សាគ្នាជាមួ​យ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នក​អភិវឌ្ឍន៍​រក​រូបមន្ត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕ដោយៈសុភក្ត្រា