សេដ្ឋកិច្ច

ទ្រព្យសកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កើនឡើង​ដល់​១១,២ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២

​ភ្នំពេញ​៖ ទ្រព្យសកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើនឡើង ៤៥,៨ ទ្រី​លាន​រៀល (១១,២ ប៊ី​លាន​ដុល្លារ​អាម៉េរិក​) ក្នុងនោះ​ឥណទាន​អតិថិជន​បាន​កើនឡើង ២៤,៧% ដល់ ៣៩,៧​ទីលាន​រៀល (៩,៧ ប៊ី​លាន​ដុល្លារ​អាម៉េរិក​) ដោយមាន ២,១ លាន​គណនី​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារជាតិ​ប្រចាំឆ្នាំ​២០២២​។​

​របាយការណ៍​ដដែល បាន​បង្ហាញថា​៖ ឥណទាន​ទាំងនេះ​បានផ្តល់​ទៅកាន់​វិស័យ​សំខាន់ៗ​ក្នុង​សេដ្ឋកិច្ច រួមមាន​៖ ក្រុមគ្រួសារ ៣២,៨% នៃ​ឥណទាន​សរុប (​មាន​កំណើន ១១,៧%) ពាណិជ្ជកម្ម​និង​ជំនួញ ២៣,២% (២០%), កសិកម្ម ១៧,៦% (៤,៦%), សេវាកម្ម ១៣,៨%, ដឹកជញ្ជូន ៤,៦% (-៦%), សំណង់ ៤,៦% (៣៦%), កម្មន្តសាល ១,៨% (៣៦,៦%), និង​ផ្សេងៗ​១,៦% (៦២%)​។​

បើតាម​របាយការណ៍​ប្រចាំឆ្នាំ​ដដែល វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កេណ្ឌ​ប្រមូលប្រាក់​បញ្ញើ ២០,៧ ទីលាន​រៀល (៥,១ ប៊ី​លាន​ដុល្លារ​អាម៉េរិក កើនឡើង ២១,២%) ដែលមាន ២,៦ លាន​គណនី​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំងប្រទេស ដែល​មាន​ការិយាល័យ​ចំនួន ១.១០២ ទីតាំង និង​បានផ្តល់​សេវាកម្ម​ដូចជា ឥណទាន ប្រាក់​បញ្ញើ ការផ្ទេរ​ប្រាក់ ធនាគារ​ចល័ត និង​ការដក​និង​ដាក់​ប្រាក់​តាម​ម៉ាស៊ីន ATM ជាដើម ដែល​ធ្វើឱ្យ​អតិថិជន​មានលទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កាន់តែច្រើន​។​

​របាយការណ៍​បញ្ជាក់ថា អត្រា​ការប្រាក់​បញ្ញើ​ជា​មធ្យម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​រៀល និង​ជា​ដុល្លារ​អាម៉េរិក បាន​កើន​ឡើងដល់​៧,៥២% និង​៧,៤១% រៀង​គ្នា ធៀប​នឹង​ឆ្នាំមុន (៧,១៩% និង​៧% រៀង​គ្នា​)​។ ទន្ទឹមនេះ អត្រា​ការប្រាក់​ឥណទាន​ជា​មធ្យម​ជា​រៀល បាន​ថយចុះ​បន្តិច ពី ១៦,៧៤%​ឆ្នាំមុន មក ១៦,៧២% ខណៈ​អត្រា​ការប្រាក់​ឥណទាន​ជា​ដុល្លារ​អាមេរិក​បាន​កើនឡើង​បន្តិច​ពី ១៤,៨០% ឆ្នាំមុន មក ១៤,៩៤%៕ដោយៈសិរីមតី