សន្ដិសុខសង្គម

កំពុងស៊ើបអង្កេតករណីឆេះភោជនីយដ្ឋាន ធ្វើឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីអគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានមួយធ្វើឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅផ្លូវ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៣១ ខែមករា។

មន្ត្រី​នគរបាល​បាន​ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះភោជនីយដ្ឋានខាងលើ កម្លាំងជំនាញបានចេញរថយន្តបង្ការសង្គ្រោះអគ្គិភ័យចំនួន៩គ្រឿងជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាមិនឱ្យឆេះរាលដល់ផ្ទះអ្នកនៅក្បែរនោះឡើយ។

គ្រោះអគ្គិភ័យនេះបានបំផ្លាញភោជនីយដ្ឋានប្រភេទថ្មបេតុងប្រក់សង្ក័សី មានទំហំ២០ម៉ែត្រ គុណ១៩ម៉ែត្រ, ម៉ូតូ២គ្រឿងនិងសម្ភារក្នុងហាងអស់ទាំងស្រុង។ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ម្នាក់ត្រូវបានដឹកសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យលោកសង្ឃ និងសព២នាក់យកទៅតម្កល់នៅវត្តស្ទឹងមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានហៅមេការទៅសាកសួរនិងបន្តស៊ើបអង្កេត រកមូលហេតុពិតក្នុងករណីនេះ៕ដោយ៖វិចិត្រ