សេដ្ឋកិច្ច

ការដោះដូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រេចបាន​ចំនួន​ជាង ៥២​ប៊ី​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២

​ភ្នំពេញ​៖​ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ​២០២២ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៥២,៤២​ប៊ី​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​កំណើន៩,១​ភាគរយ​បើ​ធៀប​នឹង​ទិន្នន័យ​ឆ្នាំ​២០២១​។​នេះ​បើ​យោងតាម​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៣ កាលពី​​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ លោក​រដ្ឋមន្ត្រី បានឱ្យដឹងថា​៖​គិត​ក្នុង​ឆ្នាំ​២០២២ ការនាំចេញ​របស់​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ២២,៤៨​ប៊ី​លាន​ដុល្លារ កើនឡើង ១៦​ភាគរយ និង​ការ​នាំចូល​មាន​ចំនួន ២៩,៩៤​ប៊ី​លាន​ដុល្លារ គឺមាន​ការកើនឡើង៤​ភាគរយ​។

លោក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា តាមរយៈ​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់ចេញ​កាលពីដើមឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម​ដោយបាន​កែប្រែ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការកាត់បន្ថយ​ចំណាយនិង​ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ដោយ​បង្កលក្ខណៈ​ងាយស្រួល​និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុ​កិច្ចនិង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​៕ដោយៈសិរីមតី