សន្ដិសុខសង្គម

រថយន្តនិងរថភ្លើងបុកគ្នាធ្វើឱ្យក្រុមអង្គភាពសង្គ្រោះបន្ទាន់711របួសធ្ងន់២នាក់

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថភ្លើងបុកគ្នាធ្វើឱ្យក្រុមអង្គភាពសង្គ្រោះបន្ទាន់711រងរបួសធ្ងន់២នាក់ពេលធ្វើដំណើរចេញពីបន្ទាយទៅធ្វើលំហាត់ជាមួយជំនាញជលផលនៅស្រុកស្ទឹង​ហាវ។

គ្រោះថ្នាក់នេះបានកើតឡើងនៅក្រុង/ខេត្តព្រះសីហនុ ម៉ោងជាង១ ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញក្រុមការងារអង្គភាពសង្គ្រោះបន្ទាន់711រថយន្តចំនួន៣គ្រឿង​បានបើកចុះពីចំណោតសំដៅឆ្លងផ្លូវរថភ្លើងឆ្ពោះទៅស្រុកស្ទឹងហាវ។

មកដល់ត្រង់កន្លែងឆ្លងផ្លូវរថភ្លើង ហើយមិនបានឮរថភ្លើងស៊ីផ្លេ រថយន្តក្រុមការងារបានចុះមក​ក៏ត្រូវរថភ្លើងបុកពេញទំហឹងនៅផ្នែកខាងមុខធ្វើឱ្យខ្ទាតរថយន្តចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅក្នុងផ្ទះនោះទេ។

ក្រោយកើតហេតុ ក្រុមការងារសង្គ្រោះបន្ទាន់នៃអង្គភាព711បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចបានបន្តនីតិវិធី។ចំពោះអត្តសញ្ញានៃជនរងគ្រោះរបស់បុគ្គលិកអង្គភាពសង្គ្រោះបន្ទាន់ 711ផ្នែកជំនាញមិនទាន់បានបញ្ជាក់ឱ្យដឹងនៅឡើយទេ ព្រោះកំពុងប្រមូលព័ត៌មានជុំវិញករណីនេះ៕ដោយ៖វិចិត្រ